(ភ្នំពេញ)៖ សាលាមធ្យមវិចិត្រសិល្បៈ នៅល្ងាចថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ បានរៀបចំកម្មវិធីសម្តែង ល្ខោនស្រមោលស្បែកធំ ដើម្បីចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលមានការអញ្ជើញចូលរួមទស្សនាពីទស្សនិកជនជាតិ និងអន្តរជាតិប្រមាណ ៥០០នាក់។
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារ:សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការ:បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
«ទិវាវប្បធម៌ជាតិ» ត្រូវបានកំណត់ឲ្យរៀបចំនៅថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ ប៉ុន្តែ «ទិវាវប្បធម៌ជាតិ» លើកទី២៦ រាជរដ្ឋាភិបាល នឹងប្រារព្ធនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ នៅកោះពេជ្រ៕