(ភ្នំពេញ)៖ មន្រ្តីយោធាពាក់ផ្កាយ១ម្នាក់ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក បានគាំងបេះដូងស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ «នីតា» ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈជនរងគ្រោះកំពុងក្រេបទឹកឃ្មុំជាមួយនារីហាងម្នាក់។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៖៣០នាទី រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងបន្ទប់លេខ៥ នៃផ្ទះសំណាក់ខាងលើ។
មន្រ្តីនគរបាលបានបន្តទៀតថា ជនរងគ្រោះដែលជាវេជ្ជបណ្ឌិតទៀតផងនោះ មានជម្ងឺទឹកនោមផ្អែម និងលើសឈាម ស្រាប់តែកំពុងក្រេបទឹកឃ្មុំជាមួយនារីហាងនោះ ក៏គាំងបេះដូងរហូតដាច់ខ្យល់ស្លាប់តែម្តង។
នារីដែលត្រូវមានមន្រ្តីយោធារូបនេះ នាំទៅដេកក្នុងតម្លៃ៥០ដុល្លារមានឈ្មោះ អ៊ូ ដាវី អាយុ២១ឆ្នាំ មុខរបរបំរើការងារនៅភោជនីយដ្ឋាន រាត្រីពន្លឺថ្មី។
ក្រោយមានករណីនេះកើតឡើងកម្លាំងនគរបាលបច្ចេកទេស និងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យសព ហើយបានបញ្ជាក់ថា ការស្លាប់របស់គាត់ គឺបណ្តាលមកពីគាំងបេះដូងមែន។ ក្រោយពីពិនិត្យរួច កម្លាំងសមត្ថកិច្ច បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕