(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក អំពាវនាវដល់បណ្ដាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា សូមជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនសាធារណៈជន នូវកម្មវិធីចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ដែលចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះយោងតាមលិខិត របស់ ស.ស.ស.ក ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែកញ្ញា។
សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ក៏អំពាវនាវថា ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្សព្វផ្សាយឲ្យស្របតាមខ្លឹមសាររបស់ គ.ជ.ប ដែលជាស្ថាប័នជំនាញឯកទេស និងផ្លូវការ គឺជាការចូលរួមចំណែកដ៏មានតម្លៃ មិនត្រឹមតែធ្វើឲ្យដំណើរការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦នេះ បានល្អត្រឹមត្រូវ គឺថែមទាំងរួម ចំណែកធ្វើគុណភាព និងសុខមាលភាពដំណើរការ ប្រជាធិបតេយ្យរបស់កម្ពុជាកាន់តែល្អប្រសើរ។
បន្ថែមពីនេះ ស.ស.ស.ក ក៏អំពាវនាវ ដល់បណ្ដាញផ្សព្វផ្សាយព័ត៌មាន សូមមេត្តាផ្ទៀងផ្ទាត់ រាល់ខ្លឹមសារព័ត៌មាន មុននឹងចេញផ្សព្វផ្សាយដើម្បីបញ្ជៀស បានការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញុង បង្អើល បំភិតបំភ័យប្រជាពលរដ្ឋ ព្រមទាំងបំភ័ន្ដ មតិការគិត និងការសម្រេចចិត្តរបស់មហាជន ហើយត្រូវយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ព័ត៌មានដែលមានចេតនា ទម្លាក់កិត្យានុភាព ក្នុងបំណងធ្វើឲ្យមានការប៉ះពាក់ ដល់ដំណើរការចុះឈ្មោះបោះឆ្នោត។
ជាមួយគ្នានោះដែរ ស.ស.ស.ក ក៏អំពាវនាវផដែរ ដល់សមាជិក-សមាជិកា របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប ដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីអាចអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លូន។
សូមបញ្ជាក់ថា ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ជាថ្ងៃទី០២ នៃការចុះឈ្មោះបោះឆ្នោត, សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ហើយនៅល្ងាចថ្ងៃទី០១ ខែកញ្ញាម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាស លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោត ទូទាំងប្រទេសមានចំនួន ៥២២៩៧នាក់៕