(ពោធិ៍សាត់)៖ រយៈពេល៣ ពោលគឺថ្ងៃទី២៥ ខែកុម្ភៈ និងថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានចុះពិនិត្យនិងព្យាបាលជំងឺបឋមដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋមកពី២០ភូមិ ក្នុងឃុំត្រពាំងជង សរុបចំនួន១,១៥១នាក់។

ការពិនិត្យនិងព្យាបាលជំងឺនេះដែរ ត្រូវបានធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា គឺនៅវត្តបាកាន វត្តធម្មយុត្តិ និងវត្តពិតត្រង់ ដោយបានការដឹកនាំពីលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងជង និងសហការសម្របសម្រួលដោយលោក ជួន សុខជា អនុប្រធាននាយកដ្ឋាន នៃក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងជង។

លោក ជួន សុខជា បានឱ្យដឹងថា លោក កែវ រតនៈ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ លោកតែងតែយកចិត្តទុក្ខដាក់ខ្ពស់ អំពីសុខមាលភាពរបស់ ប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។ ជាមួយគ្នានោះ លោកក៏បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះឡើង នៅតាមបណ្តាក្រុងស្រុកទូទាំងខេត្ត ចំពោះស្រុកបាកាន និយាយជារួមនិងនិយាយដោយឡែក សម្រាប់ឃុំត្រពាំងជង ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក កែវ រតនៈ មួយក្រុមផងដែរ។

លោកអនុប្រធានបន្ថែមថា គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក កែវ រតនៈ បានចុះទៅបណ្តាឃុំមួយចំនួន ក្នុងស្រុកបាកានរួចរាល់ហើយ ដោយឡែកសម្រាប់ឃុំត្រពាំងជង យើងបានរៀបចំរយៈពេល៣ថ្ងៃ សរុប២០ភូមិ បានចំនួន១១៥១នាក់ ក្នុងនោះរួមមាន៖

ទី១-ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តបាកាន សម្រាប់០៨ភូមិ (បឹង ប្រិយ៍ អូររំចេក បាកាន កាប់ក្រឡាញ់ ស្ទឹងកំបុត ពោធិល្ប៍ បូរស្រង៉ែ ព្រះចំបក់) បានចំនួន៤២០នាក់។ឮ

ទី២-ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ នៅវត្តធម្មយុត្តិ សម្រាប់០៨ភូមិ (ត្រពាំង ជង កោះកែវ កោះស្វាយ ក្តីឈ្នួល កោះអណ្តែត ស្រែល្វា ចំការអូរ កណ្ដឹងមាស) បានចំនួន៤២៤នាក់។

ទី៣-ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ នៅវត្តពិតត្រង់ សម្រាប់០៤ភូមិ (ពិតត្រង់ ស្វាយទោល ភូមិថ្មី និងក្រោលក្របី) បានចំនួន៣០៧នាក់។

លោក ជួន សុខជា បានបញ្ជាក់ថា ជាទូទៅ លោក កែវ រតនៈ បានដាក់ផែនការឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ រៀងរាល់៣ខែម្តង (ក្នុងមួយឆ្នាំ៤ដង) តែដោយសារឃុំត្រពាំងជង មានភូមិច្រើន ប្រជាពលរដ្ឋមានចំនួនច្រើនផងនោះ លោកបានស្នើសុំចុះរៀងរាល់៤ខែម្តង (ក្នុងមួយឆ្នាំ៣ដង) ដោយចុះម្តង៣ទីតាំង។ លោកបន្តថា ការដែលចុះនេះ គឺជាការពិនិត្យ និងព្យាបាលជំងឺបឋម ប្រសិនបើមានបញ្ហាឈឺធ្ងន់ធ្ងរ យើងអាចបន្តបញ្ជូនពួកគាត់ទៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យបន្ថែមទៀត។ ក្រៅពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ ក្រុមការងារគណបក្សចុះមូលដ្ឋាន តែងតែចុះតាមខ្នងផ្ទះដូចភ្លៀងរលឹម ដើម្បីជួបពិភាក្សា និងអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលមានបញ្ហាឈឺថ្កាត់ ឬប្រឈមផ្សេងៗ៕