(ព្រះសីហនុ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនក្រុម៨ចំនួន៤៥នាក់ និងក្រុមគ្រូពេទ្យជនជាតិបារាំងចំនួន១២នាក់ ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតនៅភូមិវាលរេញ ឃុំសំរ៉ុង ស្រុកព្រៃនប់។
សកម្មភាពនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដែលដឹកនាំដោយលោក អេង ចំរើន ប្រធានក្រុមកាងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ តំណាងលោក ម៉ឹង មករា ជាប្រធានសមាគមយុវជន ក្រោមជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
លោក អ៉ី ធារិន បានថ្លែងថា សកម្មភាពនៅព្រឹកនេះគឺបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋពិតជាបានទទួលការយកចិត្តទុកដាក់ជាប្រចាំ និងពិតប្រាកដពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាក់ស្តែងកន្លងមកប្រជាពលរដ្ឋរស់នៅឃុំសំរ៉ុង ស្រុកព្រៃនប់ ក៏ធ្លាប់មានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះមកពិនិត្យព្យាបាលរួចមកហើយដែរ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមក្រុម៨ខេត្តព្រះសីហនុផ្ទាល់តែម្តង។
លោក អេង ចំរើន បានថ្លែងថា សក្ខីភាពនេះបានសបញ្ជាក់ឲ្យឃើញថា គោលនយោបាយ និងសកម្មភាពរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរ និងដើម្បីបម្រើផលប្រយោជន៍ជាតិជាចម្បង។ ហេតុនេះ ដើម្បីប្រជាជនទទួលបានការយកចិត្តទុកដាក់ខ្ពស់គ្រប់បែបយ៉ាង មានសេចក្តីសុខចម្រើន និងប្រទេសជាតិ រក្សាបាននូវស្ថិរភាព បូរណភាពទឹកដី សន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍជានិរន្តរ៍។
ជាលទ្ធផលក្នុងការពិនិត្យសម្រេចបាន រួមមាន៖ មានប្រជាពលរដ្ឋចំនួន៣០០នាក់ បានមកទទួលការព្យាបាល ក្នុងនោះមានជំងឺក្រពះពោះវៀន ជំងឺសន្លាក់ ជំងឺទូទៅ ជំងឺសើស្បែក និងជំងឺកុមារ។
ដោយឡែកចំពោះអ្នកជំងឺមានជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានជំរុញ និងណែនាំឲ្យទៅតាមដាន និងទទួលសេវាព្យាបាលបន្តនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដែលនៅជិតមូលដ្ឋានរស់នៅរបស់ពួកគាត់៕