(ភ្នំពេញ)៖ កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី១ ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។

កម្មវិធីដ៏មហោឡារិកនេះផងដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាព និងមានវត្តមានចូលរួមពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» គឺជាកម្មវិធី ដ៏មានអត្ថន័យ និងមានសារៈសំខាន់បំផុតដល់យុវជន យុវតីខ្មែរ ជំនាន់ក្រោយ ក្នុងការបង្កើនចំណេះដឹង ជាពិសេសបានយល់កាន់តែច្បាស់អំពីប្រវត្តិ ក៏ដូចជាតម្លៃសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលជាសម្លៀកបំពាក់ដ៏ថ្នៃថ្នូរ និងចំណាស់ជាងគេនៅលើទឹកដីសុវណ្ណភូមិ។

ទន្ទឹមគ្នានេះ សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តដល់អ្នកសិល្បៈច្នៃម៉ូដសម្លៀកបំពាក់ សូមយកចិតទុកដាក់ទៅលើតម្លៃសម្លៀកបំពាក់ ដែលប្រើប្រាស់ដោយកូនខ្មែរ សូមកុំច្នៃម៉ូដលើសលប់ពេក ដែលអាចមើលទៅមិនសមរម្យ ប្រាស់ចាកពីតម្លៃសម្លៀកបំពាក់របស់ខ្មែរ ដែលមានលក្ខណៈចាស់ទុំ សុភាព និងថ្នៃថ្នូរ ។

ជាមួយគ្នានេះ សម្ដេចកិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ និងស្ញើចសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលះបង់កម្លាំងកាយចិត្ត រៀបចំកម្មវិធីនេះឡើង ចែកជូនជាប្រយោជន៍ និងចំណេះដឹងមិនអាចកាត់ថ្លៃបាន ហើយសម្ដេចក៏បានលើកទឹកចិត្តសូមឱ្យមានការបង្កើតកម្មវិធីដូចនេះជារៀងរាល់ឆ្នាំទៀតផង។

សូមជម្រាបជូនផងដែរថា កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» ប្រព្រឹត្តិទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ នៅសាលសន្និសីទចតុម្មុខ ។ កម្មវិធីនេះ ក៏មានការតាំងបង្ហាញ «ពិព័រណ៍សិប្បកម្មយើង» ដែលមានការចូលរួមបង្ហាញស្នាដៃផលិតផលសិប្បកម្មខ្មែរ ជាច្រើនមុខទៀតផង៕