(ភ្នំពេញ)៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានស្នើដល់ភាគី កាណាដា ឲ្យបន្តផ្តល់ជំនួយលើក ការបោសសំអាតមីន និង ការទប់ស្កាត់ផលប៉ះពាល់ ការប្រែប្រួល អាកាសធាតុនៅកម្ពុជា។ការស្នើរបស់ភាគីកម្ពុជា នាពេលនេះ បានធ្វើឡើងជាថ្មីម្តងទៀត ក្រោយពីភាគីកាណាដា បានផ្អាកការផ្តល់ជំនួយដល់កម្ពុជា តាំងពីឆ្នាំ២០១២មកម្ល៉េះ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមួយលោក ស្ដេហ្វាន ឌីយ៉ុន រដ្ឋមន្ដ្រីការបរទេសកាណាដា នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា ។
លោក ជុំ សន្ទរីបន្តថា កន្លងមកកាណាដា បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស រួមមានការជួយដល់ផ្នែកកសិកម្ម សន្តិសុខស្បៀង ការបោះឆ្នោត ការបោះសំអាតមីន និងការជួយទប់ស្កាត់ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជាជាដើម តែត្រូវបានផ្អាកទៅវិញក្រោយពេលដែលថវិកា នៃការផ្តល់ជំនួយដល់កម្ពុជា ត្រូវបានបញ្ចប់។
លោក ជុំ សន្ទរី បន្ថែមឲ្យដឹងថា លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ភាគីកាណាដា ដែលបានចូលរួមសហការជាមួយភាគីកម្ពុជា បានយ៉ាងល្អ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ជាពិសេសលើផ្នែកពាណិជ្ជកម្ម។ លោកថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា កាលពីឆ្នាំ២០១៥ មានការកើនឡើងជាង៨០០លានដុល្លារ។
ជាការឆ្លើយតប លោក ស្ដេហ្វាន ឌីយ៉ុន រដ្ឋមន្ដ្រីការបរទេសកាណាដា បានអរគុណដល់កម្ពុជា ដែលបានសម្រូលការងារមួយចំនួន ដល់ភាគីកាណាដា ហើយក៏បានចូលរួមសហការពង្រឹងទំនាក់ទំនង ប្រទេសទាំងពីរ ឲ្យជិតស្និទថែមមួយកំរិតទៀត។
យ៉ាងណាក៏ដោយ ភាគីកាណាដា នៅមិនទាន់បានឆ្លើយតបភ្លាមៗមកដល់ភាគីកម្ពុជា លើសំណើរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅឡើយទេ។ ប៉ុន្តែខាងភាគីកាណាដា បានបញ្ជាក់ថា នឹងយកសំណើរនេះទៅពិនិត្យ និងពិភាក្សាសិន ហើយលទ្ធផលយ៉ាងណានោះ ភាគីទាំងពីរ នឹងទំនាក់ទំនងគ្នានៅពេលក្រោយទៀត៕