(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Rt Hon. Anne-Marie Trevelyan បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២-៤ ខែមីនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី Trevelyan បានចូលជួបប្រជុំជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីការគាំទ្ររបស់ចក្រភពអង់គ្លេស ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធបៃតងផងដែរ។

ពាណិជ្ជកម្ម និងការវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជានៅតែបន្តអភិវឌ្ឍ ដែលត្រូវបានជំរុញដោយគំនិតផ្តួចផ្តើមនានា រួមទាំងប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំមាន តម្លៃជាង១ពាន់លានផោន។ កម្ពុជាក៏ជាប្រទេសអាទិភាពមួយសម្រាប់កម្មវិធីភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស ដែលជំរុញការវិនិយោគពីវិស័យឯកជនទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព គុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ។

ក្នុងសេចក្តីថ្លែងមតិនៅមុនដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីបានមានឲ្យដឹងថា កម្ពុជាជាប្រទេសមានប្រវត្តិសាស្ត្របុរាណដ៏គួរឲ្យស្ញប់ស្ញែង និងដែលបានជម្នះភាពលំបាកនាពេលថ្មីៗនេះ ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងអាស៊ាន។

លោកស្រីថា «ទំនាក់ទំនងទ្វេភាគីអង់គ្លេស-កម្ពុជាកំពុងរីកចម្រើនលើវិស័យផ្សេងៗ ហើយយើងប្តេជ្ញាគាំទ្រប្រទេសកម្ពុជា ចំពោះដំណាក់កាលបន្ទាប់នៃដំណើរអភិវឌ្ឍន៍របស់ខ្លួន។ ខ្ញុំទន្ទឹងរង់ចាំស្ដាប់បន្ថែមទៀតអំពីកិច្ចការងារនៃគម្រោង ភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេសកំពុងអនុវត្តសម្រាប់ប្រទេសកម្ពុជា និងតួនាទីនៃការអប់រំរបស់ចក្រ ភពអង់គ្លេសក្នុងការអភិវឌ្ឍទេពកោសល្យនៅទីនេះ»

លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក មកកាន់ប្រទេសកម្ពុជា ជាដំណើរទស្សនកិច្ចលើកដំបូង ថ្នាក់រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ចាប់តាំងពីរដ្ឋាភិបាលរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលកាន់តំណែងកាលពីខែសីហាឆ្នាំមុន។

លោកបានបន្តថា ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។ ចក្រភពអង់គ្លេសប្ដេជ្ញាគាំទ្រដល់កំណើនសេដ្ឋកិច្ចដែលបង្កើតការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគប្រកបដោយនិរន្តរភាព គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ និងពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចនេះក៏នឹងក្លាយជាឱកាស សម្រាប់ការពិភាក្សាបើកចំហលើបញ្ហាជាតិ និងអន្តរជាតិសំខាន់ៗ។ ខ្ញុំរីករាយដែលលោកស្រីរដ្ឋមន្ត្រីអាចស្តាប់ ឮពីប្រជាជនកម្ពុជាជាច្រើនអំពីអនាគត។

កំឡុងពេលនៅទីក្រុងភ្នំពេញ លោកស្រីរដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យ De Montfort ដែលជាសាកលវិទ្យាល័យនៃចក្រភពអង់គ្លេសដំបូងគេដែលបានបើកសាខានៅក្នុងប្រទេសកម្ពុជា ហើយមានដើមកំណើតនៅទីក្រុង Leicester នៃចក្រភពអង់គ្លេស។ លោកស្រីរដ្ឋមន្ត្រីនឹងជួបជជែកជាមួយបុគ្គលិកសាកលវិទ្យាល័យ និងអ្នកផ្តល់សេវាអប់រំផ្សេងទៀត នៅមុនពេលសកលវិទ្យាល័យបើកទ្វារស្វាគមន៍ក្រុមនិស្សិតដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០២៤។

ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី និងកុមារី គឺជាអាទិភាពយូរអង្វែងនៅក្នុងទំនាក់ទំនងចក្រភពអង់គ្លេស-កម្ពុជា។ បន្ថែមពីលើកម្មវិធីដែលមានស្រាប់ នៅឆ្នាំ២០២៣ ចក្រភពអង់គ្លេសបានប្ដេជ្ញាចិត្តផ្តល់មូលនិធិ៣០លានផោន ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់ស្ត្រី និងកុមារីនៅទូទាំងអាស៊ីអាគ្នេយ៍។ មូលនិធិនេះនឹងគាំទ្រដល់ស្ត្រី និងកុមារីប្រហណ១០០,០០០នាក់ ដោយរួមមានតាមរយៈការផ្តល់អាហារូបករណ៍ និងថ្នាក់បំប៉នបន្ថែម ក៏ដូចជាការបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបង្កើនគុណភាពនៃមេរៀន។

ជាការបង្ហាញនៃការគោរពរបស់ចក្រភពអង់គ្លេសចំពោះប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា លោកស្រីដ្ឋមន្ត្រីក៏នឹងទៅទស្សនាសារមន្ទីរជាតិកម្ពុជា ដើម្បីមើលវត្ថុបុរាណដែលទើបត្រឡប់មកកម្ពុជាពីចក្រភពអង់គ្លេសនាពេលថ្មីៗនេះ ហើយក៏មានឱកាសដើម្បីស្ដាប់អង្គការសង្គមស៊ីវិល និងការងារសំខាន់ៗរបស់ពួកគេស្តីពីអភិបាលកិច្ចល្អ តម្លាភាព ការការពារ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងប្រទេសផងដែរ៕