(ព្រៃវែង)៖ សមិទ្ធផលនានានៅក្នុងវត្តពោធិ៍សិរីមង្គល ហៅវត្តគោកគង់ ស្ថិតក្នុងឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ត្រូវបានធ្វើបុណ្យសម្ពោធឆ្លងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ក្រោមអធិបតីភាពលោក អ៉ីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ចៀច និងមានការចូលរួមពីមន្រ្តីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងពុទ្ធិបរិស័ទជិតឆ្ងាយរួមទាំងសប្បុរសជននានាចូលរួម។

អភិបាលស្រុកកញ្ជ្រៀច លោក សឿង សុជាតិ បានអានរបាយការណ៏ថា ចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ននេះ ព្រះគ្រូចៅអធិការ អេង សុធន បានដឹកនាំអាចារ្យ គណៈកម្មកា ព្រមទាំងពុទ្ធបរិស័ទ កសាងបន្ត រួមមាន ៖
សាងសង់ផ្លូវចូលវត្ត ពីខាងជើង ១ខ្សែ. សាងសង់ផ្លូវចូល ពីខាងកើតវត្ត ១ខ្សែ. សាងសង់ ផ្លូវ ចូលសាលាបឋមសិក្សាគោកគង់ ១ខ្សែ. ចាក់សាបបេតុងក្នុងវត្ត និងសាលារៀន. សាងសង់ ត បន្ថែម សាលាបុណ្យ ១ខ្នង. ធ្វើពីបេតុង ចាក់ដីសម្អាត ទីធ្លាសាលារៀន និងវត្ត. សាងសង់ផ្លូវដាក់លូ ២ខ្សែ ដើម្បីរំដោះទឹក នៅរដូវវស្សាខាងមុខ ផងដែរ។

លោក អ៉ីវ លាង បានឲ្យដឹងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចទាំងបី ជាប្រមុខ បានរំដោះប្រទេសជាតិ មាតុភូមិ និងប្រជាជនឱ្យរួចផុតពីរបបដ៏ឃោឃៅយង់ឃ្នង់ ប្រល័យពូជសាសន៍នេះ និងបានបង្កើតឱ្យមានវត្តអារាមឡើងវិញនៅទូទាំងប្រទេស។

លោក អ៉ីវ លាង បន្តថា សមិទ្ធផលទាំងនេះ គឺជា ផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមបន្តគោលនយោបាយសម្រាប់មនុស្សចាស់ ហើយក៏បន្តការអនុវត្ត គោលនយោបាយសម្រាប់កុមារ និងយុវជនក្រីក្ររបស់យើង។ ក្នុងន័យនេះ ទីអារាមនឹងក្លាយជា ជម្រកដ៏សមរម្យមួយសម្រាប់លោកតាលោកយាយក្នុងពេលដែលចាស់ទៅ អាចទៅដើម្បីសុំសីលសុំទាន ចំណែកលោកតាលោកយាយខ្លះទៀតក៏អាចមកស្នាក់អាស្រ័យនៅបានផងដែរ។ ជាមួយគ្នានោះ កុមារ និង យុវជនមួយចំនួន ដែលខ្វះលទ្ធភាព ក៏អាចប្រើប្រាស់សមិទ្ធផលនេះ ដើម្បីស្នាក់អាស្រ័យ បួស រៀនបាន ដែលទាំងនេះគឺជាផលប្រយោជន៍ សម្រាប់សង្គមជាតិយើង។

លោកបានលើកឡើងថា យើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះការចូលរួមឧបត្ថម្ភគាំទ្រដល់ព្រះពុទ្ធសាសនានៅកម្ពុជាពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដោយពួកគាត់បានលះបង់នូវធនធានជាបន្តបន្ទាប់ក្នុងការរួមចំណែកកសាងសមិទ្ធផលនៅតាមទីវត្តអារាមនានានៅទូទាំងប្រទេស ក្នុងនោះក៏មានវត្ត ពោធិសិរីមង្គល ហៅវត្តគោកគង់ នេះផងដែរ ដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលមាននៅកម្ពុជាដូចពេលបច្ចុប្បន្ន គឺកើតចេញពីកត្តានៃសុខសន្តិភាពរបស់ប្រទេសជាតិ។

លោកបានសង្កត់ធ្ងន់ថា សន្តិភាពពិតជាសំខាន់ណាស់ជាមូលដ្ឋានគ្រឹះនៃអាយុជីវិតប្រជាជន សេដ្ឋកិច្ចជាតិ ជាអ្វីៗគ្រប់យ៉ាង ដែលត្រូវចាប់ផ្តើមពីសន្តិភាពទៅ ហេតុនេះសូមបងប្អូនចូលរួមរក្សាការពារសន្តិភាពឲ្យបានជាដាច់ខាតជាមួយរដ្ឋាភិបាល គឺបន្តធ្វើយ៉ាងណាថែសុខភាពអនាម័យនិងបរិស្ថានបានល្អ កុំអោយមានបញ្ហាគ្រឿងញៀនក្នុងភូមិនិងកុំអោយមានក្មេងទំនើង និងវិស័យអប់រំ មានសាលារៀនអោយបាន សណ្ដាប់ធ្នាប់វិន័យល្អ។ល។ ដូច្នេះហើយសូមយើងទាំងអស់គ្នាចូលរួមក្នុងការថែរក្សាសុខសន្តិភាពនេះឱ្យបានជាប់ជានិច្ចនិរន្តន៍ ដើម្បីធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យទទួលបាននូវការរីកចំរើនរុងរឿងបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនប្រកបដោយថាមពល ដែលមានគោលនយោបាយដ៏មុតស្រួចនៅក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានខ្ពង់ខ្ពស់ឡើង និងការកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា៕