(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ រួមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

យុទ្ធជនជនពិការនេះមានឈ្មោះ រស់ ស្រី ឋានន្តរសក្ដិពលបាលឯក អាយុ៥៦ ឆ្នាំអតីតនៅអង្គភាពវរសេនាតូចលេខ៦ ខេត្តកំពង់ធំ លោកបានទទួលមរណភាពដោយរោគាពាធនៅពេលកន្លងទៅថ្មីៗនេះ នៅភូមិបិណ្តីយ៍ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់លោកពលបាលឯក រស់ ស្រី ជាអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង មានដូចជាការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវបណ្ណបេឡាជាតិសន្តិសុខសង្គមជូនអតីតយុទ្ធជនសម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល ព្រមជាមួយនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត រួមមានអង្ករចំនួន២បេ មីជាតិចំនួន២កេស ត្រីខកំប៉ុងចំនួន២យួរ និងទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរផងដែរ សម្រាប់សម្រួលដល់ការធ្វើបុណ្យសពអតីតយុទ្ធជនយើងឲ្យបានសមរម្យនិងឱ្យទាន់ពេលវេលា។

ក្រុមគ្រួសារសពអតីតយុទ្ធជនពិការ និងអាជ្ញាធរ ដែនដី សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន ក្រុមការងារសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ដែលបានគិតគូរដោះស្រាយការលំបាកជូនគាត់៕

http://image.freshnewsasia.com/2021/id-025/fn-2024-03-03-11-01-52-7.JPG