(អូស្តាលី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍វិនិយោគិនគ្រប់ជាតិសាសន៍ទាំងអស់ ហើយបញ្ជាក់ថា សម្តេចមិនមែនស្វាគមន៍ តែវិនិយោគិនចិននោះទេ។

ការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេល៦ខែមកនេះម៉ាក្រូសេដ្ឋកិច្ច​យើងមានស្ថិរភាពប្រសើរ។ សម្តេចបានលើកឡើងថា កន្លងទៅមានការព្រួយបារម្ភថា រដ្ឋាភិបាលថ្មីអាចដឹកនាំបានឬអត់?

សម្តេចបានប្រកាសថា ចាប់តាំងពីរដ្ឋាភិបាលថ្មីចូលកាន់តំណែង គឺធានាបាននូវនិរន្តរភាពរដ្ឋបាល មិនមែនដូចការលើកឡើងរបស់អ្នកដទៃឡើយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចដំណើរការបានដោយភាពកក់ក្តៅ។ សម្តេចបានបន្ថែមថា នៅក្នុង៦ខែមកនេះ ចាប់តាំងពីរដ្ឋាភិបាលថ្មីចូលកាន់តំណែង គម្រោងវិនិយោគដែល កម្ពជានទទួល មាន១៧២គម្រោងទាំងក្នុង និងក្រៅប្រទេស ដែលទំហំវិនិយោទុនប្រមាណជិត៤ពាន់លានដុល្លារ។

សម្តេចបានបន្តថា គម្រោងនេះនឹងបង្កើតការងារ១៩ម៉ឺនកន្លងជូនប្រជាពលរដ្ឋ។ សម្តេចបានបង្ហើបអំពីគម្រោងរបស់ចិនមួយ ដែលចង់វិនិយោគនៅកម្ពុជា ក្នុងទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារ នោះគឺក្រុមហ៊ុនផលិតកង់រថយន្ត។ សម្តេចបានបន្តថា ក្រុមហ៊ុន ដែលបានវិនិយោគនៅកម្ពុជាជាច្រើន ក៏កំពុងពង្រីកការវិនិយោគបន្ថែមទៀត ហើយការពង្រីកទុននេះ គឺពង្រីកការងារ។

សម្តេចបានបញ្ជាក់ថា៖ «អ្នកខ្លះគេថា កម្ពុជាគឺទាញតែវិនិយោគមកពីប្រទេសចិន ឬមួយពីប្រទេសណាមួយ ខ្ញុំថា អត់ទេខ្ញុំដើរទាក់ម៉ូយគ្រប់កន្លែង នរណាទៅក៏ខ្ញុំស្វាគមន៍ដែរ ខ្ញុំមិនថាជួប១០០(ក្រុមហ៊ុន) គេទៅទាំង១០០នោះទេ ជួប១០០ ទៅតែមួយ ឬទៅតែ២ ក៏ជាជោគជ័យដែរ ថ្ងៃក្រោយជួបថែមទៀតទៅថែមទៀត ទាញទៅថែមទៀត»

សម្តេចបានបន្ថែមថា មិនមែនសម្តេចជួបដើម្បីទាក់ម៉ូយដើម្បីវិនិយោគជាមួយក្រុមហ៊ុនរបស់សម្តេចនោះទេ សម្តេចប្រកាសថា សម្តេចអត់ចេះធ្វើ ក្រុមហ៊ុនទេ គឺសម្តេចទុកឱ្យ និយោគិនទាំងនោះធ្វើការជាមួយវិស័យឯកជននៅកម្ពុជា ហើយបង្កើនការវិនិយោគនៅកម្ពុជា ដែលអ្វីសំខាន់ គឺបានផលសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕