(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជម្រាបពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ថា រាជរដ្ឋាភិបាលប្រឹងប្រែងក្នុងការកែលម្អប្រព័ន្ធយុត្តិធម៌ និងការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចទី៥ ការកែទម្រង់ និងពង្រីកវិស័យយុត្តិធម៌ ក្នុងនោះយើងបានបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយ ព្រោះឥលូវប្រព័ន្ធតុលាការយើងកកស្ទះច្រើនណាស់។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដើម្បីបម្រើប្រជាពលរដ្ឋ ដែលដាក់មកឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ»

យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានជំរុញយ៉ាងខ្លាំង នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងពីផលប្រយោជន៍ នៃការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ប្រជាពលរដ្ឋ ដោយជាបន្ថែមជម្រើសថ្មី ក្នុងការដោះស្រាយវិវាទផ្សេងៗ លើយន្តការដែលកំពុងមានស្រាប់។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចូលរួមជួយកាត់បន្ថយ នូវការកកស្ទះសំណុំរឿង ក្នុងប្រព័ន្ធតុលាការ ហើយការសម្រេចស្ថាពរក្នុងយន្តការដោះស្រាយវិវាទនេះ មានទម្ងន់ដូចគ្នាទៅនឹងសាលក្រមស្ថាពររបស់តុលាការដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការដោះស្រាយរបស់អាជ្ញាធរដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្ម ក៏ដូចជាវិវាទដទៃទៀត ហើយមិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យប្រើប្រាស់សេវាថ្មីនេះនោះទេ ប្រជាពលរដ្ឋមានសិទ្ធិគ្រប់យ៉ាងក្នុងការជ្រើសយន្តការផ្សេង ដើម្បីដោះស្រាយវិវាទ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ផលប្រយោជន៍ដល់ប្រជាជន ក្នុងការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដើម្បីបង្ខិតការដោះស្រាយវិវាទ ដែលមានភាពងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់ ឱ្យកាន់តែជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជួយកាត់បន្ថយចំនាយពេលវេលា ក្នុងការដោះស្រាយ ដោយមិនទុកឱ្យទំនាស់រុំារ៉ៃ, ផ្តល់ឱ្យប្រជាពលរដ្ឋ នូវយន្តការសម្រុះសម្រួល ដោះស្រាយវិវាទមួយ ដែលអាចធានាបាននូវបរិយាកាស សន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គម ដោយដោះស្រាយ យកយន្តការឈ្នះឈ្នះ៕