Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង៖ អាមេរិកមិនអាចលាក់បាំង ទៀតឡើយ ចំពោះការនាំអាវុធនុយក្លេអ៊ែរ ចូលមកតំបន់ឧបទ្វីបកូរ៉េ

02-09-2016 14:29

(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទៀតហើយ ចំពោះសមយុទ្ធ យោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលនឹងបន្តប្រព្រឹត្តទៅម្តងទៀត នៅរសៀលថ្ងៃសុក្រនេះ ដែលជាលទ្ធផលធ្លាប់បានបង្កឲ្យមាន ការបាញ់គ្រាប់មីស៊ីលចេញពី នាវាមុជទឹករបស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅក្នុងសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា «សមយុទ្ធយោធា Ulchi Freedom Guardian គឺជាការបង្ហាញចេញ នូវនយោបាយបែបឈ្លានពាន ដ៏គគ្លើន ដោយសហរដ្ឋអាមេរិក មកលើប្រទេសកូរ៉េខាងជើង។ សមយុទ្ធនេះ គឺប្រាកដណាស់ថា មានគោលដៅត្រៀមឈ្លានពានកូរ៉េខាងជើង ហើយវាពិតជាធម្មជាតិ ដ៏គ្រោះថ្នាក់ណាស់ របស់សមយុទ្ធយោធា រួមគ្នានោះ»

អ្វីដែលកូរ៉េខាងជើង ធ្វើការសង្កត់ធ្ងន់ទៀតនោះ គឺ ទីក្រុងព្យុងយ៉ាងបានអះអាងថា សហរដ្ឋអាមេរិក មិនអាច ធ្វើការលាក់បាំងទៀតនោះឡើយ ចំពោះទង្វើដែលខ្លួនកំពុងនាំយកអាវុធនុយក្លេអ៊ែរ មកកាន់ឧបទ្វីបកូរ៉េ ដែលប្រការនេះ បាននិងកំពុងបង្ហាញថាភាពគគ្លើនប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បានឈានចូលដល់កម្រិតថ្មី មួយទៀតហើយ ដែលវាលើសពីអ្វីដែលអាចលើកលែងឲ្យបានទៅហើយ។ គួរបញ្ជាក់ថាសមយុទ្ធរវាងយោធា កូរ៉េខាងត្បូង និងអាមេរិក នឹងត្រូវបិទបញ្ចប់នៅល្ងាចថ្ងៃសុក្រនេះ ក្រោយពីបានចាប់ផ្តើមតាំងពី ថ្ងៃទី២២ ខែសីហា៕