(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងពិចារណា ក្នុងការរៀបចំនូវលក្ខន្តិកៈដាច់ដោយឡែកមួយ ដើម្បីងាយស្រួលក្នុងការសម្រួលនូវអត្រាភាគរយ នៃមន្ត្រីក្របខណ្ឌ ភ្ជាប់ជាមួយមន្ត្រីជាប់កិច្ចសន្យា ដើម្បីជំរុញប្រសិទ្ធភាពការងារ។

សម្តេចបានបន្ថែមទៀតថា ការរៀបចំលក្ខខណ្ឌដាច់ដោយឡែកនេះ អាចបើកច្រកឱ្យអ្នកដែលធ្វើការឯកជន អាចចូលបម្រើការងាររដ្ឋបានក្នុងកម្រិតណាមមួយ អាចជាកុងត្រាក្នុងរយៈពេលកំណត់ បន្ទាប់ពីចប់កុងត្រា អាចទៅការឯកជនវិញក៏បាន ឬចង់បន្តធ្វើការងាររដ្ឋក៏បាន។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «យើងកំពុងតែគិតពីរូបមន្ត ក្នុងការសម្រួលនូវអត្រាភាគរយនៃមន្ត្រីក្របខណ្ឌ ដោយភ្ជាប់មកជាមួយនឹងមន្ត្រីកិច្ចសន្យាកម្រិតណាមួយ។ ឧទាហរណ៍ ក្របខណ្ឌរដ្ឋ បើចង់ប្រឡងចូលត្រូវកុំឱ្យលើសអាយុ ៣៥ឆ្នាំ អីចឹងអ្នកខ្លះគាត់រៀនបានខ្ពស់ ហើយទៅធ្វើការនៅក្នុងវិស័យឯកជន តែគាត់ចង់មកចូលបម្រើក្របខណ្ឌរដ្ឋ តែចូលមិនកើត ហើយបងប្អូនខ្លះគាត់ធ្វើការរដ្ឋ តែគាត់ចង់ទៅឯកជន អីចឹងយើងរកវិធីធ្វើម៉េច បើកច្រកកុំយកកត្តាអាយុចង តែយើងត្រូវមានក្របខណ្ឌដាច់ដោយឡែកមួយ [...] យើងបើកច្រកឱ្យទាំងក្រសួងស្ថាប័នអាចរើសមន្ត្រីថ្មីបន្ថែម ទាំងមន្ត្រីរបស់យើងគាត់មានជម្រើស ប៉ុន្តែសំខាន់បំផុតផ្តោតទៅលើការជ្រើសរើសមន្ត្រី ទៅតាមគោលការណ៍និរន្តភាព តម្លាភាព និងយុត្តិធម៌»។

សម្តេចលើកឡើងថា នៅប្រទេសអភិវឌ្ឍន៍មួយចំនួន ដូចជាប្រទេសអូស្ត្រាលី បានប្រើប្រាស់នូវវិធីសាស្ត្របែបនេះ។ សម្តេចបន្តថា បើទោះបីជាមានការរៀបចំលក្ខខណ្ឌដាច់ដោយឡែកក្តី តែការរើសមន្ត្រីចូលបម្រើការងាររដ្ឋត្រូវតែអនុវត្តន៍គោលការណ៍ និរន្តភាព តម្លាភាព និងយុត្តិធម៌៕