(មែលប៊ន, អូស្រ្តាលី)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានប្រឹងប្រែងខ្លាំងណាស់ ទាំងកិច្ចការពារអាយុជីវិត ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាជីវភាព របស់ប្រជាពលរដ្ឋ ដោយចំណាយថវិកាប្រមាណជាង១,៣០០លានដុល្លារអាមេរិក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «តាំងពីឆ្នាំ២០២០ មកដល់ឥលូវនេះ ប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ រដ្ឋបានចំណាយជាង១,៣០០លានដុល្លារ ដើម្បីជួយផ្ដល់សាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋប្រចាំខែ និងការជួយផ្សេងៗទៀត»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការគាំទ្រដល់លើសលប់ របស់ប្រជាពលរដ្ឋ មកកាន់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត នៅឆ្នាំ២០២៣ កន្លងទៅនេះ មកកាន់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដោយសារការអនុវត្ដចាត់វិធានការ ជាក់ស្ដែងប្រសិទ្ធភាព ជួយជីវិតប្រជាជនធំបំផុត គឺជួយពីកូវីដ-១៩ និងជួយឲ្យរីកចម្រើននៅក្នុងប្រទេស។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានជួយប្រជាពលរដ្ឋ ជួយទាំងសុខភាព មិនឲ្យស្លាប់ពីជំងឺកូវីដ-១៩ និងជួយទាំងទប់ មិនឲ្យដាច់ពោះទៀតផង។ សម្តេចធិបតី បានថ្លែងថា «កូវីដ-១៩ មិនត្រឹមតែស៊ីសួតទេ គឺស៊ីទាំងក្រពះទៀត»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការជោគជ័យនៃការបោះឆ្នោត នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ដោយសារតែប្រជាពលរដ្ឋឃើញ និងឲ្យតម្លៃ ទៅលើអ្វីដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ គ្រប់ថ្នាក់ព្យាយាមដើម្បីដោះស្រាយបញ្ហា និងជួយដល់ប្រជាពលរដ្ឋ រក្សាលំនឹងស្ថេរភាព។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សម្តេចតេជោ បានដឹកនាំជួយជីវិតប្រជាពលរដ្ឋកម្ពុជា ៣ដំណាក់កាលធំ គឺការរំដោះប្រទេស នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, នយោបាយឈ្នះ-ឈ្នះ ឈានបញ្ចប់សង្គ្រាមទាំងស្រុង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕