(អូស្រ្តាលី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ជាថ្មីថា រាជធានីរបស់កម្ពុជា ដែលជារដ្ឋបាលកណ្តាលរបស់ជាតិ នឹងមិនរើចេញពីភ្នំពេញនោះឡើយ ខណៈរាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍន៍បន្ថែម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
សម្តេចមានប្រសាសន៍ថា ស្របពេលដែលប្រទេសខ្លះ ដូចជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានលើកទីក្រុងពីកន្លែងមួយ ទៅកន្លែងមួយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា គ្មានគម្រោងលើករាជធានីទៅណា ក្រៅភ្នំពេញនោះទេ។
សម្តេចបានថ្លែងបន្តថា «កម្ពុជាយើងគ្មានគម្រាងលើករាជធានីយើងទៅណាទេ យើងលើកច្រើនដងហើយពីអង្គរ មកឧដ្តុងផងអីផង រត់មកដល់កន្លែងនេះ គឺចតុមុខកន្លែងដែលនៅយូរ កន្លែងដល់យើងត្រូវរក្សាទីតាំង ដោយកន្លែងនេះទន្លេចតុមុខ ហើយកន្លែងហ្នឹងជាកន្លែងអុំទូកប្រចាំឆ្នាំ ព្រោះទន្លេសាប គឺជាទន្លេតែមួយគត់ នៅក្នុងពិភពលោកដែល លំហូរទឹកដូរទិស ខែវស្សា វាហូរទៅជើង ខែប្រាំងហូរចុះក្រោម ពេលហ្នឹងពេលចាប់ផ្តើមអុំទូក អ៊ីចឹងយើងត្រូវអភិវឌ្ឍន៍»។
ស្របជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏គ្មានគោលការណ៍ហាមឃាត់ប្រជាជននៅភ្នំពេញមិនឱ្យយកកូននោះទេ។
បើតាមសម្តេចធិបតី បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានប្រមាណជាង២លាននាក់ ហើយនៅរយៈពេល១០ឆ្នាំទៀតប្រជាជនអាចនឹងកើនឡើងរហូតដល់២ទៅ៣លាននាក់៕