(អូស្ត្រាលី)៖ ពាក់ព័ន្ធចំណាត់ការគ្រឿងញៀន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រសិនបើមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋបើមិនសំអាតខ្លួនឯងមិនស្អាត តើប្រជាពលរដ្ឋរំពឹងអ្វី។

ការបញ្ជាក់ជាថ្មីបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់បញ្ហាគ្រឿងញៀន គឺមិនមែនមានតែកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស ដោយបានដាក់ចេញនូវវិធានការជាច្រើន។ ហើយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្មី ដែលមានឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ជាប្រធាន និងអនុប្រធាន។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មន្ត្រីកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជាច្រើនកន្លែង ដោយរឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំរាប់តោន ព្រមទាំងឃាត់ខ្លួនមនុស្សជាច្រើនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានដាក់បទបញ្ជា គឺអត់មានការយោគយល់ចំពោះមន្ត្រីរាជការណា ឱ្យតែមានរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺបណ្តេញចេញពីក្របខ័ណ្ឌ មិនគិតថាអ្នកឯងជាអ្នកណាទេ កាលខ្ញុំនៅជាមេបញ្ជាការកងទ័ពជើងគោក ខ្ញុំបានដាក់គោលការណ៍នៅសាលាយោធាបណ្តេញចេញអត់មានយោគយល់ទេ […] អីឡូវចាប់ផ្តើមពីអាជ្រុងហ្នឹង គឺយកពីមន្ត្រីរដ្ឋាភិបាលតែម្តង ធ្វើហើយកុំឱ្យចូលវិញ ហើយចាប់ផ្តើមជ្រុងផ្សេងៗទៀត បើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកបម្រើរាស្ត្រ អ្នកអនុវត្តន៍ច្បាប់ខ្លួនឯងអត់ស្អាតផង តើយើងទៅរំពឹងស្អី អញ្ចឹងគ្រឿងញៀនេះត្រូវចាប់ផ្តើមមុន»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀនមាននៅគ្រប់ប្រទេសទាំងអស់ សូម្បីតែប្រទេសមានច្បាប់តឹង ដែលអ្នកជួញដូរ ត្រូវដាក់ទោសធ្ងន់ រហូតត្រូវប្រហារជីវិតចោល ក៏មានបញ្ហាគ្រឿងញៀនដែរ។ ប្រទេសមហាអំណាច បានចំណាយរាប់លានដុល្លារក្នុងមួយឆ្នាំ ក៏នៅប្រឈមបញ្ហានេះ។

ទន្ទឹមនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ក៏រំលឹកពីវិធានការដាច់ណាត់ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំង ដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវដេញចេញពីក្របខណ្ឌ។ ដោយក្នុងសម្តេចបានចុះហត្ថលេខាលើសេចក្ដីសម្រេចឱ្យធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងករណីរកឃើញមន្ត្រីណាមួយប្រើប្រាស់គ្រឿងញៀន នឹងបណ្ដេញចេញពីក្របខ័ណ្ឌ ដូចធ្លាប់អនុវត្តន៍លើកងកម្លាំងនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កន្លងមកមានការអនុវត្តរួចហើយ ទៅលើកងកម្លាំងប្រដាប់អាវុធ រួមមាន៖ នគរបាល និងកងទ័ព ហើយចាប់ពីពេលនេះតទៅ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរ។ ការអនុវត្តយ៉ាងដូច្នេះ គឺដើម្បីពង្រឹងវិន័យ សីលធម៌ និងការទទួលខុសត្រូវ សម្រាប់មន្ត្រីរាជការម្នាក់ៗ សម្រាប់ធ្វើជាគំរូដល់ប្រជាពលរដ្ឋ។

នៅចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅអូស្ត្រាលី និងណូវែលហ្សេឡង់, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកការសម្រេចចិត្តរបស់សម្តេច គឺមិនអនុញ្ញាតឱ្យដាំកញ្ឆានៅកម្ពុជា។ សម្តេចប្រកាសថា ដរាបណាសម្តេចនៅបន្តធ្វើជានាយករដ្ឋមន្ត្រី គឺប្រឆាំងដាច់ខាតមិនឱ្យមានការដាំកញ្ឆានៅកម្ពុជា៕