(អូស្ដ្រាលី)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជំហរមិនតបតជាមួយក្រុមប្រឆាំងមួយក្ដាប់តូច ប្រមាណ១០០-២០០នាក់ នៅប្រទេសអូស្ដ្រាលី ដែលចេញមកប្រឆាំងដំណើរទស្សនកិច្ចរបស់សម្ដេចនោះទេ បើទោះបីពួកគេប្រើប្រាស់នូវពាក្យអសុរោះជេរប្រមាថយ៉ាងណាក៏ដោយ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ ប្រមាណជាង១,០០០នាក់ រសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការតបតជាមួយក្រុមប្រឆាំងមួយក្ដាប់តូចនោះ ព្រោះមិនមានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានគេសួរខ្ញុំថា ម្សិលមិញមានគេប្រមូលគ្នា១០០-២០០នាក់ ទៅធ្វើបាតុកម្មជេរព្យុះ មួយមាត់ណាក៏ជេរដែរ ផ្ដាច់ការ អ្នកដែលចូលរួមថ្ងៃនេះគេលាបពណ៌ថា អ្នកបម្រើជនផ្ដាច់ការ។ គេសួរថា ចុះមិចមិនតបអ្នកគាំទ្រយើងរាប់ពាន់នាក់ មិចក៏មិនចេញសារដាក់វិញទៅខ្លាំងជាងគេផង មួយគុណ១០, វាអត់ចំណេញ។ បើប្រាប់ថាក្ដៅ ខ្ញុំធ្លាប់ក្ដៅជាងនេះ កាលខ្ញុំមកអូស្ដ្រាលីឆ្នាំ២០១៦ បាយក្ដៅ។ កាលនោះមិនមែនគាត់នៅចម្ងាយ២គីឡូដីពីយើងអញ្ចឹងទេ គាត់នៅមុខតែម្ដង ស្រែកសុទ្ធតែថា ខ្មោចស៉ីពែរ គ្មានផលប្រយោជន៍អីទេ»។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា ក្នុងនាមជាខ្មែរដូចគ្នាទោះទៅដល់ទីណាត្រូវប្រកាន់ស្មារតីសាមគ្គី ប្រកាន់ស្មារតីត្រជាក់។ សម្ដេចបានគូសបញ្ជាក់ថា សិទ្ធិនៃការបញ្ចេញមតិធ្វើយ៉ាងណាក៏ធ្វើចុះ ប៉ុន្ដែកុំឈានដល់ការប្រើប្រាស់អំពើហិង្សា ឬវាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ដែលនេះជាការគោរពគ្នាទៅវិញទៅមក។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ប្រសិនបើខ្មែរដូចគ្នាម្ខាងគាំទ្រ ម្ខាងមិនគាំទ្រ ហើយស្រែកជេរគ្នាទៅប្រទេសអូស្ដ្រាលី អត់មានចំណេញអ្វីដល់ប្រទេសជាតិទាល់តែសោះ ពោលមានតែខ្មាស់ប៉ូលិសអូស្ដ្រាលី និងបង្កើតបានជាភាពស្អប់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ដ្រាលី និងណូវែលហ្សេឡង់ ដែលចំណាយពេលមកចូលរួមពិធីសំណេះសំណាលនៅពេលនេះ ហើយសម្ដេចបានចាត់ទុកថា ការជួបជុំសំណេះសំណាលនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាពរវាងខ្មែរនៅគ្រប់ទីកន្លែង ដែលជាកិច្ចការដ៏សំខាន់សម្រាប់ដំណើរកសាងជាតិ។
គួរជម្រាបថា យោងតាមការបញ្ជាក់របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ដ្រាលី ចំនួនប្រជាពលរដ្ឋខ្មែររស់នៅអូស្ដ្រាលី និងណូវែលហ្សេឡង់ ដែលមកចូលរួមក្នុងពិធីសំណេះសំណាលនៅពេលនេះ មានប្រមាណជាង១,០០០នាក់ ប៉ុន្ដែចំនួនអាចច្រើនជាងនេះទៀតបើសិនទីតាំងជួបជុំធំជាងនេះ ពោលដោយសារទីតាំងចង្អៀតដាក់បានត្រឹមជាង១,០០០នាក់ប៉ុណ្ណោះ។
លោកឯកអគ្គរាជទូត បានស្នើសុំសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា ប្រសិនបើមានឱកាសនៅពេលក្រោយ ស្នើសុំរៀបចំនៅពហុកីឡដ្ឋានតែម្ដង ដើម្បីដាក់អ្នកចូលរួមបានកាន់តែច្រើន៕