(អូស្ត្រាលី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ យុវជនបន្តវេន ហើយទើបនឹងចាប់កំណើតជាង៦ខែមកនេះ គឺត្រូវ «រត់» មិនមែនត្រូវការពេល «ដើរ»នោះឡើយ។
«រត់» ដែលសម្តេចបានលើកឡើងនេះ ទំនងជាងចង់សំដៅទៅលើការខិតខំប្រឹងប្រែង ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅការអភិវឌ្ឍឱ្យបានលឿនបំផុត ដែលមិនមែនជាដំណើរធម្មតានោះឡើយ ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចលើកឡើងដូច្នេះថា៖ «កូនក្មេងនេះ អត់មានត្រូវការម្តាយមើលថែទេ កូនក្មេងនេះកើតមករត់ប្រុយតែម្តង អត់មានជម្រើស ព្រោះត្រូវអូសរទេះនេះទៅមុខ រទេះដែលដឹក៤០ឆ្នាំ តាំងពីបាក់បែកដោយសារសង្គ្រាម កូនក្មេងនេះត្រូវអូស ព្រោះមនុស្សច្រើនណាស់ ១៧លាននាក់នៅក្នុងរទេះនេះ»។
សម្តេចធិបតី បានបន្តថា ក្នុងការគិតគូរអំពីបញ្ហាជាតិ រាជរដ្ឋាភិបាល មិនអាចចោលសេដ្ឋកិច្ច មិនអាចចោលបញ្ហាសន្តិសុខ មិនអាចចោលសេវាជួយប្រជាពលរដ្ឋបានទេ។ លទ្ធផល៦ខែមកនេះ ក្រោយការការរៀបចំការបោះឆ្នោតជាកត្តាប្រវត្តិសាស្ត្រមួយ ដោយសារតែមានការផ្លាស់ប្តូរថ្នាក់ដឹកនាំជាគណៈរដ្ឋមន្ត្រី។ ក្នុងចំណោមគណៈរដ្ឋមន្រ្តី មានតែលោក ហង្ស ជួនណារ៉ុន ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានរក្សាឱ្យដឹងនាំក្រសួងដដែល។
សម្តេចបានបន្ថែមទៀតថា ជាប្រវត្តិសាស្ត្រតាំងពីដើមមក នៅកម្ពុជាឱ្យតែផ្លាស់ប្តូរថ្នាក់ដកនាំ តែងតែមានសង្គ្រាម។ សម្តេចបានរំលឹកអំពីការផ្លាស់ប្តូររាជរដ្ឋាភិបាល តាំងពីសម័យលន់ នល់ និងខ្មែរក្រហមកន្លងមក ឱ្យតែផ្លាស់ប្តូរមេដឹកនាំ តែងតែកើតឡើងនូវសង្គ្រាមជាបន្តបន្ទាប់។ សម្តេចាត់ទុកថា ការផ្លាស់ប្តូររាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជាការផ្លាស់ប្តូរក្នុងប្រវត្តិសាស្ត្រកម្ពុជាកន្លងមក៕