(អូស្ដ្រាលី)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការបញ្ចេញមតិរបស់ប្រជាពលរដ្ឋរស់ទាំងពីរនេះ គឺជាការបង្ហាញឲ្យឃើញច្បាស់នូវកត្តាយល់ដឹងផ្នែកប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិ ហើយចេះគោរពគ្នាទៅវិញទៅមក។
មូលហេតុដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ហ៊ានសន្និដ្ឋាន និងវាយតម្លៃចំពោះការយល់ដឹងរបស់ប្រជាពលរដ្ឋរស់នៅប្រទេសអូស្ដ្រាលី និងណូវែលហ្សេឡង់ មានការយល់ដឹងខ្ពស់ពីសិទ្ធិនៃការបញ្ចេញមតិ នៅសង្គមប្រជាធិបតេយ្យ ព្រោះមើលឃើញថា ថ្វីបើអ្នកមកគាំទ្រ និងអ្នកមិនគាំទ្រមាននិន្នាការផ្ទុយគ្នា ប៉ុន្ដែបានបញ្ចេញមតិដោយការគោរពគ្នាទៅវិញទៅមក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សិទ្ធិនៅក្នុងការបញ្ចេញមតិអត់មានអ្នកណាហាមទេ ចង់បញ្ចេញមតិគាំទ្រ មិនគាំទ្រ គឺជារឿងធម្មតា យើងអនុវត្តសិទ្ធិសេរីភាពរបស់យើង បញ្ចេញសិទ្ធិរបស់យើងគោរពគ្នាទៅវិញទៅមក [...] ទស្សនៈខុសគ្នាគោរពគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា រស់នៅក្នុងប្រទេសប្រជាធិបតេយ្យ។ ការបញ្ចេញមតិ និងការគោរពគ្នាថ្ងៃមិញ ដែលបងប្អូនបានបញ្ចេញនេះ គឺខ្ញុំសូមអបអរសាទរ ហើយអរគុណណាស់ចំពោះកិច្ចការនេះ នេះបង្ហាញអំពីភាពចាស់ទុំ នៃការយល់ដឹងអំពីសិទ្ធិសេរីភាពរបស់យើង ហើយខាងរាជរដ្ឋាភិបាលមិនមានបំណងទៅឲ្យមនុស្សឈ្លោះគ្នាទេ គ្មានផលប្រយោជន៍អី»។
ដោយឡែក ចំពោះការមកបាតុកម្មដើម្បីប្រឆាំងដំណើររបស់សម្ដេចនៅប្រទេសអូស្ដ្រាលី និងមានប្រើប្រាស់ពាក្យជេរប្រមាថវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនមានគោលការណ៍តបតជាមួយក្រុមប្រឆាំងនៅអូស្ត្រាលីនោះទេ ទោះបីពួកគាត់ប្រើពាក្យអសុរោះក៏ដោយ ព្រោះអត់មានប្រយោជន៍អ្វីដល់ជាតិនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា ស្ថានភាពក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ មិនក្ដៅដូចកាលពីឆ្នាំ២០១៦នោះទេ ពោលប្រើប្រាស់ពាក្យជេរប្រមាថធ្ងន់ៗ ដូចជា «ខ្មោចស៉ីពែរ» ជាដើមទៅលើអ្នកដែលមកគាំទ្រទស្សនកិច្ចរបស់សម្ដេច។ សម្ដេចគូសបញ្ជាក់ថា សិទ្ធិនៃការបញ្ចេញមតិធ្វើយ៉ាងណាក៏ធ្វើចុះ ប៉ុន្ដែកុំឈានដល់ការប្រើប្រាស់អំពើហិង្សា ឬវាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីជំនួបនៅពេលនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាពរវាងខ្មែរនៅគ្រប់ទីកន្លែង ដែលជាកិច្ចការដ៏សំខាន់សម្រាប់ដំណើរកសាងជាតិ។ សម្ដេចក៏បានថ្លែងនូវការអរគុណចំពោះសារគាំទ្រសុខសន្តិភាព ដែលរកបានដោយសម្តេចតេជោ គឺមានតម្លៃណាស់។ មានសន្តិភាព ដែលនាំឲឲ្យកម្ពុជាមានការរីកចម្រើន នាំឲ្យមានការចងភ្ជាប់ឡើងវិញរវាងខ្មែរនៅក្រៅប្រទេសជាមួយប្រទេសជាតិ៕