(មែលប៊ន, អូស្រ្តាលី)៖ ថ្លែងពីទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មន្ត្រីកសិកម្ម ដែលត្រូវបានរដ្ឋាភិបាល បញ្ជូនទៅខេត្ត-ស្រុក និងឃុំ គឺត្រូវនៅទីនោះ ដើម្បីចាំជួយដល់ប្រជាកសិករ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «មន្ដ្រី ដែលបញ្ជូនទៅខេត្ដទៅស្រុកទៅឃុំ ត្រូវនៅទីនោះ ព្រោះប្រជាជនត្រូវការ រដ្ឋាភិបាលផ្ដល់ឱកាសជូនប្អូនៗក្មួយៗ ដើម្បីបានក្របខណ្ឌ ទៅធ្វើការបម្រើប្រជាជន ត្រូវនៅទីនោះ គឺម៉ោងពេលដែលមន្ដ្រីបម្រើរាស្ដ្រ ហើយទទួលខុសត្រូវ ហើយការរើស គឺរើសឲ្យចំគោលដៅ អ្នកដែលមានឆន្ទះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់ពង្រាយមន្ដ្រី បច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ព្រោះកសិករត្រូវការបច្ចេកវិទ្យា ដើម្បីធ្វើការប្រកួតប្រជែង ចឹងត្រូវការ អ្នកបច្ចេកទេសនៅជាមួយ។ សម្ដេចបានឲ្យដឹងថា កន្លងទៅកន្លែងខ្លះ មានអង្គការខ្លះជួយ ប៉ុន្ដែអត់គ្រប់ ចឹងបានសម្ដេចតេជោ ត្រូវរុញដល់គ្រប់ឃុំសង្កាត់ ដែលមានកសិកម្ម។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅតាមជនបទ ឬមួយក៏នៅខេត្ដផ្សេងៗ កសិកម្មមិនមែនសំដៅតែស្រូវ-អង្ករនោះទេ សូម្បីតែតំបន់នៅជុំវិញភ្នំពេញ ដែលបង្កើតជាខ្សែក្រវ៉ាត់បៃតង គឺជំរុញឲ្យខ្សែក្រវ៉ាត់បៃតងនេះដាំកសិផល ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍ ជាជាងយកបន្លែនាំចូល ដែលនេះគឺជាគោលនយោបាយ របស់រដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាល បានប្រឡងរើសមន្ដ្រីចំនួន២៥០នាក់ ពង្រាយនៅ៨៧ស្រុក ហើយគ្រោងប្រឡងរើសមន្ដ្រីចំនួន៨០០នាក់ទៀត សម្រាប់៨០០ឃុំ-សង្កាត់ នៅជំហានទី២ នៅក្នុងខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដែលរើសឲ្យចំគោលដៅ រើសឲ្យមានតម្លាភាព យុត្ដិធម៌ រើសឲ្យចំមនុស្ស ដែលមានឆន្ទៈទៅធ្វើការ ហើយដាក់ទៅមូលដ្ឋាន។
សូមជម្រាបថា ការជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ សរុបគឺ១,៦០០នាក់ ដែលចែកចេញជា៣ដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន២៥០នាក់ ដែលបានជ្រើសរើស និងកំពុងទទួលវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ ចំនួន៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៥៥០នាក់។
ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣នេះ គឺជាសមិទ្ធផល នៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការរៀបចំការប្រឡង ឈរលើគោលការណ៍គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយការប្រឡងជាលើកដំបូង សម្រាប់អាណត្តិទី៧ នៃរដ្ឋសភានេះទៀតសោត ទទួលបានការសាទរ និងកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំ និងមជ្ឈដ្ឋានមហាជន។
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានបេក្ខជនចូលរួម ប្រឡងប្រជែងសរុបចំនួន៣១៧៣នាក់ (ស្រី១៤៧៤នាក់)៕