(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានផែនការ ហាមប្រាមប្រជាពលរដ្ឋមិនឱ្យយកកូននោះឡើយ មានតែជំរុញលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋយកកូនឱ្យច្រើន។
ជាមួយគ្នានេះ សម្តេចក៏បន្តស្នើសុំភរិយា គឺលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី យកកូនបន្ថែមផងដែរ ដោយកូនប្រុសពៅរបស់សម្តេច ក៏បានឯកភាពផងដែរ។ ការស្នើសុំភរិយាយកកូនបន្ថែមនេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលចូលរួម ក្នុងពិធីសំណេះសំណាល ផ្ទុះសំណើចក្អាកក្អាយពេញសាល។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចហាមឃាត់ មិនឱ្យប្រជាជននៅភ្នំពេញ មានកូនថែមទៀតទេ។ ប្រជាពលរដ្ឋឥឡូវចំនួនជាង ២លាននាក់ ប្រហែលជា១០ឆ្នាំទៀត អាចឡើង ៣ទៅ ៤លាននាក់ ហើយ ១០ទៅ ១៥ឆ្នាំទៀត អាចច្រើនជាងនេះទៀត ស៉ីសងទៅលើអ្នកភ្នំពេញកើតច្រើន ឬមិនច្រើន។ ប៉ុន្តែឥឡូវអ្នកភ្នំពេញលែងសូវយកកូនច្រើនដែរហើយ ដោយសារតែអត្រាកំណើតនៅទាប ដូច្នេះត្រូវតែលើកទឹកឱ្យយកកូនច្រើន»។
ថ្លែងដល់រឿងចំនួនកូន សម្តេចធិបតីបានសើច និងងាកទៅរកភរិយា ដោយលើកឡើងថា «យើងកូន៣នាក់ ដូចជានៅតិចណាស់ មានចំណុចវិជ្ជមានដោយសារកូនប្រុសពៅខ្ញុំ ឯកភាពឱ្យយកប្អូនហើយ អីចឹងប្រពន្ធខ្ញុំបើមិនស្តាប់ប្តី គួរស្តាប់កូន ត្រូវបង្កើន យើងពីឆ្នាំ៧០មកនេះ ខាតច្រើនណាស់ដោយសារសង្គ្រាមកាប់សម្លាប់ផង យើងត្រូវដើរតួនាទី កុំដាក់ផែនការ និងលើកទឹកចិត្តឱ្យបងប្អូន តែយើងអត់»។
សូមជម្រាបថា យោងតាមលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩ តាមតួលេខបណ្តោះអាសន្ន ក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន ១៥,២៨៨,៤៨៩នាក់ ក្នុងនោះមានប្រុស ៧,៤១៨,៥៧៧នាក់ និងស្រី ៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ តួលេខទាំងនេះ មិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសឡើយ។
អត្រាកំណើនប្រជាជនប្រចាំឆ្នាំបានថយចុះពី ១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក ១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ ១.០ភាគរយ។
រាជធានី-ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន ២,១២៩,៣៧១នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេបំផុត ៤១,៧៩៨នាក់ប៉ុណ្ណោះ។ អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស៩៤នាក់ ក្នុងចំណោមស្ត្រី១០០នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ២០០៨៕