(អូស្រ្តាលី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ទៅថ្ងៃមុខកម្ពុជា នឹងធ្វើផ្លូវ និងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។
ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើម ដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។
ការនឹងការបង្ហើបគម្រោងធ្វើស្ពានក្រោមទឹកនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថានៅពេលសម្តេចចេញទៅរៀននៅអាមេរិក មានរឿងពីរ ដែលធ្វើឱ្យសម្តេចចង់ស្រក់ទឹកភ្នែក ព្រោះនឹកស្រណោះដល់ប្រទេសជាតិ។ រឿងទាំងពីរនោះ ឃើញប្រទេសគេមានផ្សារទំនើបធំៗ និងមានផ្លូវហាយវេធំៗ ខណៈកម្ពុជាមិនទាន់មានអ្វីទាំងអស់ ព្រោះវិបត្តិសង្គ្រាម និងការបែកបាក់ជាតិ។
ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត បានអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ហើយតិចទៀតយើងធ្វើនឹងធ្វើស្ពាន១ ចាប់ពីផ្សារចាស់ ឡើងទៅអរិយក្សត្រ ហើយគេកំពុងសិក្សាអាផ្លូវក្រោមទឹក ស្ពានក្រោមទឹក អីឡូវយើងធ្វើអាលើទឹកអស់ហើយ តិចទៀតធ្វើអាក្រោមទឹកមួយទៀត កុំឱ្យចាញ់គេ វាត្រូវតភ្ជាប់អញ្ចឹង»។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រដ្ឋាភិបាលកំពុងចរចាស្ថាបនាផ្លូវ៥០C ភ្ជាប់ពីខេត្តកំពង់ឆ្នាំង មកខេត្តកំពង់ធំ ភ្ជាប់ជាមួយស្ពានដែលវែងគេ គឺជាង៣គីឡូម៉ែត្រ ដូច្នេះ ប្រសិនបើធ្វើផ្លូវនេះហើយនោះប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធនេះ ភ្លាមៗមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងផែពហុបំណង ដែលអាចបង្កើតកន្លែងការងាររាប់ពាន់ រាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋរួចទៅហើយ ដូច្នេះ នៅពេលដែលយើងជំរុញការស្ថាបនាផ្លូវនេះហើយ វានឹងបានបង្កើនកំណើនសេដ្ឋកិច្ចជាតិ ការរកការងារធ្វើ និងរកប្រភពចំណូលចាក់ចូលហោប៉ៅប្រជាពលរដ្ឋ។
គួរឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានស្ពានអាកាសចំនួន៦ ហើយដែលបានដាក់ឱ្យប្រើប្រាស់ ដោយក្នុងនោះរួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា ឬហៅក្រៅថា ស្ពានអាកាសពេទ្យលោកសង្ឃ, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសទិចណូ, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសរង្វង់មូលចោមចៅ។
ខណៈថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានតភ្ជាប់ «ស្ពានអាកាសមរតកតេជោ» ដែលជាស្ពានអាកាសទី៧ មានកម្ពស់៣ជាន់ ដែលបាននឹងកំពុងសាងសង់ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋាន ខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ៕