(កំពង់ចាម)៖ ក្នុងឱកាសដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពកាយយកថ្មចេញពីទន្លេរបស់ម្ចាស់ដីមួយកន្លែង ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ករណីម្ចាស់ដីចាក់ថ្មរំលោភយកទន្លេ ក្រៅពីការដាក់វិធានការឲ្យម្ចាស់ដីនោះ កាយយកថ្មចេញពីទន្លេឲ្យអស់រក្សាភាពដើម រដ្ឋបាលខេត្តបានបញ្ជូនសំណុំរឿងនេះ ទៅដល់ដៃសាលាដំបូងខេត្តរួចហើយ។
លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នេះថា «ចំពោះមុខករណីចាក់ថ្មរំលោភយកទន្លេនេះ អាជ្ញាធរយើងកំពុងអនុវត្តនីតិវិធីរដ្ឋបាល ចំពោះសំណុំរឿងនេះផងដែរ រដ្ឋបាលខេត្តបានបញ្ជូនចូលដល់ស្ថាប័នសាលាដំបូងខេត្តកំពង់ចាមរួចហើយ ដូច្នេះបញ្ហាទោសទណ្ឌ គឺជាសមត្ថកិច្ចរបស់តុលាការ»។
ពាក់ព័ន្ធនឹងករណីចាក់ថ្មរំលោភយកទន្លេនេះ លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នអយ្យការសាលាដំបូងខេត្តកំពង់ចាមបានទទួល ពាក្យបណ្ដឹង និងបង្កើតជាសំណុំរឿង កំពុងតែធ្វើការស៊ើបអង្កេត។
លោក សួស ឡា បានឲ្យដឹងថា ករណីខាងលើនេះ ពាក់ព័ន្ធនឹងផ្លូវច្បាប់ច្រើន មានដូចជា ច្បាប់ភូមិបាល ច្បាប់ធនធានទឹក ច្បាប់កសិកម្ម ច្បាប់បរិស្ថាន ដូច្នេះមិនដឹងថា អយ្យការអមសាលាដំបូងខេត្ត ធ្វើការចោទប្រកាន់ទៅលើច្បាប់មួយណា ដើម្បីបញ្ជូនស្នើសុំឲ្យតុលាការធ្វើការស៊ើបសួរបន្ត។ បច្ចុប្បន្ននេះសំណុំរឿងចាក់ថ្មរំលោភយកទន្លេ គឺស្ថិតក្នុងដៃអយ្យការកំពុងធ្វើការស៊ើបអង្កេតនៅឡើយ ពេលការសង្កេតចប់ អយ្យការនិងបញ្ជូនសំណុំរឿងស្នើសុំឲ្យតុលាការចាត់ការបន្ត៕