(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ ចុះសួរសុខទុក្ខជាមួយអតីតយុទ្ធជននៅដីសម្បទានសង្គមកិច្ចនិងគេហដ្ឋានថ្មី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ៣ ខែមីនា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានផ្ដាំផ្ញើដល់សមាជិកត្រូវចូលរួមអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិពេញលេញមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។
លោកស្នងការបានផ្ដាំផ្ញើគ្រួសារសមាជិកត្រូវថែទាំសុភាព តាមរយៈការធ្វើអនាម័យជាប្រចាំថ្ងៃ រស់នៅស្អាត បរិភោគម្ហូបអាហារស្អាត, បន្តចូលអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសចូលរួមអនុវត្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ជៀសផុតពីហានិភ័យដែលកើតមានឡើងពីគ្រោះថ្នាក់ចរាចរណ៍ រក្សាបានអាយុជីវិតទ្រព្យសម្បត្តិ។
លោក ធីវ ថាត តំណាងឲ្យសមាជិកគ្រួសារសមាជិកទាំង៨០គ្រួសារ ដែលបានចូលរួមក្នុងពិធីនោះ បានថ្លែងអំណរគុណចំពោះលោកស្នងការ លោកស្នងការរង ប្រតិភូអមដំណើរដែលបានចំណាយពេលវេលាដ៏មមាញឹកចុះសួរសុខទុក្ខឧបត្ថម្ភ សម្ភារៈ ថវិកា។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឧបត្ថម្ភអំណោយរួមមាន៖ អតីតយុទ្ធជនទាំង៤គ្រួសារទទួលបានអង្ករទម្ងន់១០០គីឡូក្រាម ថវិកា២០០,០០០រៀល មេភូមិថវិកា១០០,០០០រៀល សមាជិកអតីតយុទ្ធជន៦៦នាក់ និងកម្លាំងប្រជាការពារ១០នាក់ ម្នាក់ៗថវិកា២០,០០០រៀល, សរុបថវិកា៣,៦២០,០០០រៀល បន្ថែមលើការឧបត្ថម្ភ សម្ភារៈ ថវិកា លោកស្នងការ បានបន្តជំរុញដល់សមាជិកចំពោះការងារបង្កបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង៕