(ម៉ែលប៊ន, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ និងនិស្សិតខ្មែររស់នៅ និងសិក្សារៀនសូត្រក្នុងប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់រាប់រយ រាប់ពាន់នាក់ បានចេញមកសម្តែងមតិជុំវិញដំណើរបំពេញបេសកកម្មការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងប្រទេសអូស្ត្រាលី។
ប្រជាពលរដ្ឋដែលបង្ហាញវត្តមានក្នុងពិធីសម្តែងមតិនោះ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះវត្តមានសម្តេចធិបតី ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អូស្ត្រាលី-អាស៊ាន ព្រោះជាការចូលរួមតំណាងឱ្យប្រជាពលរដ្ឋខ្មែរ និងដើម្បីនាំប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសការកសាងទំនាក់ទំនងល្អរវាងខ្មែរ និងអូស្ត្រាលី ហើយនាំមកនូវប្រយោជន៍ផ្សេងៗសម្រាប់ពលរដ្ឋខ្មែរទាំងនៅអូស្ត្រាលី និងនៅកម្ពុជា។
បន្ថែមពីលើនេះ ពួកគេក៏បានសម្តែងការគាំទ្រចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជារយៈពេលជាង៦ខែកន្លងមកនេះ បានខិតខំប្រឹងប្រែងខ្លាំង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
នៅរសៀលថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងផ្តល់កិត្តិយសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។ តាមរយៈជំនួបសំណេះសំណាលនេះ បង្ហាញឱ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់៕