(ម៉ែលប៊ន, អូស្ត្រាលី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះបេសកម្មអប់រំរបស់ IDP Education នៅកម្ពុជាអស់ជាច្រើនឆ្នាំ។ តាមរយៈសកម្មភាពអប់រំអស់ជាច្រើនឆ្នាំមកនេះ IDP បានរួមចំណែកបង្កើតធនធានមនុស្សជាច្រើនក្លាយមូលធនមនុស្សដ៏ មានសក្តានុពលនៅកម្ពុជា។
ការវាយតម្លៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ IDP Education នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ នាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងជំនួបនោះ លោកស្រីនាយកប្រតិបត្តិ បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកស្រី បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រលើដំណើរការអាជីវកម្មរបស់ IDP Education នៅកម្ពុជា។ លោកស្រីក៏បានបញ្ជាក់ផងដែរថា IDP Education នឹងបន្តនូវកិច្ចសហការល្អបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
ក្នុងឱកាសនោះលោកស្រីនាយកប្រតិបត្តិ បានជម្រាបជូនសម្ដេចធិបតីផងដែរ អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកមុ្មរបស់ IDP Education ដែលរួមមានសាលាបណ្ដុះបណ្ដាលភាសាអង់គ្លេស ACE នៅកម្ពុជា ដែលជាសាលាឈានមុខមួយ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ IDP Education ក៏បានផ្ដល់សេវាកម្មប្រឹក្សាយោបល់សម្រាប់សិស្ស និស្សិត ក្នុងការដាក់ពាក្យចូលរៀននៅតាមបណ្ដាសាកលវិទ្យាល័យនានានៅក្រៅប្រទេស ដែលរួមមាន៖ អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ ជាដើម។
បើតាមលោកស្រីនាយកប្រតិបត្តិ បានឱ្យដឹងថា កន្លងមក IDP Education បានផ្ដល់នូវការប្រឹក្សាយោបល់ និងសម្របសម្រួលចំពោះការបន្តការសិក្សារបស់សិស្ស និស្សិត នៅក្រៅប្រទេស ចន្លោះពី ១,៥០០ ទៅ ២,០០០នាក់ ក្នុងមួយឆ្នាំៗ។ ក្រៅពីនេះ IDP Education ក៏បានផ្ដល់នូវសេវាកម្មក្នុងការរៀបចំចងក្រងសមាគមអតីតនិស្សិត (Alumni) ព្រមទាំងបានសហការជាមួយបណ្ដាសាកលវិទ្យាល័យមួយចំនួនក្នុងការផ្ដល់ជំនួយផ្នែកបច្ចេកទេសលើការគ្រប់គ្រងប្រព័ន្ធទិន្នន័យកម្មវិធីសិក្សាផងដែរ។
លោកស្រីនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដែលក្នុងពេលឆាប់ៗខាងមុខនេះ IDP គ្រោងនឹងបើកសាខាថ្មីមួយទៀតនៅខេត្តសៀមរាប ហើយក្រុមហ៊ុនក៏មានផែនការពង្រីកសាខាជាបន្តបន្ទាប់នាពេលអនាគតនៅតាមបណ្ដាខេត្ត ក្រុង នៅកម្ពុជា រួមមានខេត្តបាត់ដំបង កំពង់ចាម កំពត ព្រះសីហនុ និងក្រុងប៉ោយប៉ែត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយចំពោះកិច្ចពិភាក្សាការងារជាមួយលោកស្រីនាយកប្រតិបត្តិ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រតិបត្តិការអាជីវកម្ម របស់ IDP Education និងការរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ និងកសាងធនធានមនុស្សនៅកម្ពុជា។
សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើជំនាញភាសាអង់គ្លេស មានសារៈសំខាន់ខ្លាំងណាស់ ក្នុងយុគសម័យសកលភាវូបនីយកម្មនៃពិភពលោក ដោយភាសាអង់គ្លេសជាស្ពាននៃការផ្សារភ្ជាប់ទំនាក់ទំនងទាំងក្នុងបរិបទការងារ ធុរកិច្ច និងសង្គម។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដោយផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ផ្អែកលើធនធានមនុស្ស។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាពិសេសមន្ត្រីរាជការ និងអរគុណចំពោះការសម្របសម្រួលពី IDP Education នាពេលកន្លងមក។
សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការទទួលបានអាហារូបករណ៍របស់មន្ត្រីរាជការស៊ីវិលហើយនោះ ផ្នែកកងទ័ពក៏មានទំនាក់ទំនងជាមួយ IDP Education និងបានទទួលការផ្ដល់វគ្គបណ្តុះបណ្តាល អាហារូបករណ៍ និងកម្មវិធីសិក្សាផ្លាស់ប្ដូរបទពិសោធន៍ នៅក្នុងវិស័យកងទ័ពផងដែរ។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យ IDP Education បន្តគាំទ្រ និងសហការជាមួយក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពិនិត្យលទ្ធភាពបណ្ដុះបណ្ដាលលើកម្មវិធីផ្សេងៗបន្ថែមទៀត ដូចជាជំនាញបច្ចេកវិទ្យាឌីជីថល សំដៅបន្តចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា IDP Education គឺជាអង្គភាពឈានមុខគេលើពិភពលោក ក្នុងការផ្តល់សេវាកម្មអប់រំលក្ខណៈអន្តរជាតិ។ នៅក្នុងបទពិសោធន៍ជិត៥០ឆ្នាំ ក្នុងឧស្សាហកម្មនេះ IDP Education បានជួយសិស្សជិត ៥០០,០០០នាក់ ឱ្យសិក្សានៅប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
IDP Education (Cambodia) បានដំណើរការមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការ ដែលដំណើរការយូរជាងគេបំផុតរបស់កម្ពុជា សម្រាប់ការធ្វើតេស្ត IELTS ដែលជាការប្រឡងតេស្តសមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់ ដ៏ពេញនិយមបំផុតសម្រាប់ការសិក្សា ការងារ និងការធ្វើចំណាកស្រុក។
IELTS ត្រូវបានគ្រប់គ្រងរួមគ្នាដោយ British Council, IDP: IELTS Australia និង Cambridge Assessment English អស់រយៈពេលជាង ៣០ឆ្នាំ ដែលមានអ្នកធ្វើតេស្តចំនួន ៤លាននាក់ ជារៀងរាល់ឆ្នាំ៕