(ម៉ែលប៊ន, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ ស្ថាប័ន IDP Education ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
IDP Education គឺជាអង្គភាពឈានមុខគេលើពិភពលោក ក្នុងការផ្តល់សេវាកម្មអប់រំលក្ខណៈអន្តរជាតិ។ នៅក្នុងបទពិសោធន៍ជិត៥០ឆ្នាំ ក្នុងឧស្សាហកម្មនេះ IDP Education បានជួយសិស្សជិត ៥០០,០០០នាក់ ឱ្យសិក្សានៅប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
IDP Education (Cambodia) បានដំណើរការមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការ ដែលដំណើរការយូរជាងគេបំផុតរបស់កម្ពុជា សម្រាប់ការធ្វើតេស្ត IELTS ដែលជាការប្រឡងតេស្តសមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់ ដ៏ពេញនិយមបំផុតសម្រាប់ការសិក្សា ការងារ និងការធ្វើចំណាកស្រុក។
IELTS ត្រូវបានគ្រប់គ្រងរួមគ្នាដោយ British Council, IDP: IELTS Australia និង Cambridge Assessment English អស់រយៈពេលជាង ៣០ឆ្នាំ ដែលមានអ្នកធ្វើតេស្តចំនួន ៤លាននាក់ ជារៀងរាល់ឆ្នាំ៕