(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំចែករំលែកចំណេះដឹងថា ស្តីពីការរៀបចំគោល​នយោបាយ​សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា ជូនដល់មន្ត្រីស្រាវជ្រាវ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត​នៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងកម្មវិធីនេះ ទទួលបានការចែករំលែកជាពិសេសពីសំណាក់លោកបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់គោល​នយោបាយ​ពាណិជ្ជ​កម្ម ជាវាគ្មិន និងសម្របសម្រួលដោយលោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន។

ក្នុងពិធីនេះលោកបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា បាននាំយកនូវចំណេះដឹង និងពិសោធន៍របស់លោក ដែលបានឆ្លងកាត់កន្លងមកក្នុងនាមជាអ្នកឯកទេសសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលបានចូលរួមក្នុងសកកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចរចាពាណិជ្ជកម្មកម្ពុជា ជាមួយសហគមន៍ក្នុងតំបន់ និងពិភពលោក។ លោក សុខ ស៊ីផាន់ណា រំពឹងថា អ្វីដែលចែករំលែកពេលនេះ ក្លាយជាទុននៃចំណេះដឹងសម្រាប់ការស្រាវជ្រាវរបស់បញ្ញវន្ត។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជា ទម្រាំនឹងបានឈានមកដល់ពេលនេះ មានការតស៊ូខ្លាំងក្នុងដំណើរការនៃកិច្ចចរចារជាមួយបណ្តារប្រទេសក្នុងតំបន់ ពិភពលោក និងអង្កការ​ពាណិជ្ជ​កម្មនានា។

ក្នុងបទបង្ហាញរបស់លោកបណ្ឌិតសភាចារ្យ បានលើកបញ្ជាក់ ជូនអង្គសិក្ខាសាលាលើការវិវឌ្ឍន៍សំខាន់មួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច រួមមាន៖
* ដំណើរវិវត្តនៃសេដ្ឋកិច្ចពិភពលោក
* កាវិលត្រឡប់មកវិញនៃសកលភាវូបនីយកម្ម
* ការចរចារដើម្បីបានចូលជាសមាជិកនៃអង្គការ WTO
* ប្រទេសកម្ពុជាក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
* ប្រទេសកម្ពុជាក្រោមនយោបាយឈ្នះៗបន្ទាប់ពីមានសន្តិភាពពេញលេញឆ្នាំ១៩៩៨

ចុងក្រោយលោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ប្រទេសកម្ពុជា ជឿនលឿនបច្ចុប្បន្នដោយសារ​ការចូល​ក្នុង​អង្គការពាណិជ្ជកម្មពិភពលោក និងសូមឱ្យអ្នកស្រាវជ្រាវ និងនិស្សិត សិក្សាស្វែងយល់បន្ថែម​លើអ្វី​ដែល​លោកបណ្ឌិតសភាចារ្យបានចែករំលែក ដើម្បីបង្កើតនូវពុទ្ធិរបស់ខ្លួន៕