(ស្វីស)៖ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានអបានអញ្ជើញចូលរួមអបអរសាទរខួប ២៥ឆ្នាំ នៃការចូលជាធរមានរបស់អនុសញ្ញាហាមការប្រេីប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលបានប្រព្រឹត្តនៅទីស្នាក់អង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកបណ្ឌិត លី ធុជ បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនមែនត្រឹមតែថ្លែងសារអបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ាប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការអំពាវនាវឱ្យពិភពលោកទាំងមូលបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ សំដៅបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។
ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយាងជ្រាលជ្រៅជូនចំពោះដល់សម្តេចធិបតី ហ៊ន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់សម្តេច សម្រេចឱ្យបានពិភពលោកមួយដែលមិនមានការគំរាមកំហែង និងការរងគ្រោះដោយសារគ្រាប់មីន។
លោកបណ្ឌិត លី ធុជ បានលេីកឡេីងថា ថ្ងៃទី០១ ខែមីនា គឺជាទិវាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាចូលរួមរំលឹកខួបលើកទី២៥នៃអនុសញ្ញអូតាវ៉ា។ កាលពី២៥ឆ្នាំកន្លងទៅ ពិភពលោកបានរួបរួមគ្នាដែលមិនធ្លាប់មានពីមុនមក និងបានអនុម័តអនុសញ្ញាអូតាវ៉ា ហើយអនុសញ្ញានេះ មិនត្រឹមជាសមិទ្ធផលការទូតប៉ុណ្ណោះទេ តែវាជាការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានា ក្នុងការការពារ ការព្យាបាល និងការស្តារឡើងវិញដល់ជនរងគ្រោះដោយសារគ្រាប់មីន។ វា គឺជាពេលវេលាមួយដែលមនុស្សជាតិបានក្រោកឈរឡើងរួមគ្នាដើម្បីផ្តល់ក្តីសង្ឃឹមដល់ជនដែលបានរងគ្រោះបន្ទាប់ពីសង្គ្រាមបានបញ្ចប់។
លោកបណ្ឌិតបានបន្ថែមថា៖ «ខណៈពេលដែលយើងកំពុងឈររួបរួមគ្នានៅក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ សូមយើងទាំងអស់គ្នារំលឹកឡើងវីញនូវស្មារតីអនុសញ្ញាអូតាវ៉ា និងធ្វើដំណើរបន្តក្នុងបេសកកម្មមនុស្សធម៌របស់យើង»៕