(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្រ្កាបជនជួញដូរគ្រឿងញៀន៣នាក់ និងអ្នកប្រើប្រាស់២៦នាក់ ព្រមទាំងដកហូតថ្នាំញៀន១៦កញ្ចប់ ម៉ូតូ២១គ្រឿង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុមទី៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។

មន្រ្តីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា បន្ទាប់ពីបានស៊ើបអង្កេត បានយ៉ាងច្បាស់លាស់ហើយ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពី លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួចមក កម្លាំងជំនាញបានចុះចាប់ឃាត់ខ្លួន ជនសង្ស័យបាន៣នាក់ នៅផ្ទះរបស់ឈ្មោះ សឿម សីកូ ដែលក្នុងនោះ ជនសង្ស័យទាំង៣នាក់៖ ទី១-ឈ្មោះ ឈុន សុផល អាយុ៣៥ឆ្នាំ ទី២-ឈ្មោះ វិន វឌ្ឍនា អាយុ២០ឆ្នាំ និងទី៣-ឈ្មោះតែ ប៊ុនលាង អាយុ៣៦ឆ្នាំ ព្រមទាំងអ្នកប្រើប្រាស់២៦នាក់ផ្សេងទៀត ដោយដកហូតបាន មានថ្នាំញៀនប្រភេទម៉ាទឹកកក១៦កញ្ចប់ ម៉ូតូ២១គ្រឿង កាំភ្លើងខ្យល់១ដើម ដាវសាំរ៉ៃ២ដើម និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន​ មកការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្តចាត់ការតាមច្បាប់ រីឯអ្នកប្រើប្រាស់ថ្នាំញៀន សមត្ថកិច្ចបានឃាត់ខ្លួន ចំនួន ២៦នាក់ ត្រូវបានធ្វើការអប់រំ ឬយ៉ាងណានោះ រង់ចាំលោកស្នងការ និងព្រះរាជអាជ្ញាសម្រេចនៅពេលក្រោយ៕