(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យ ស៊ុនឆុនយ៉ាងប្រទេសកូរ៉េ បានរៀបចំសិក្ខាសាលាលើកទី១ ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហការជាមួយគ្នាកាន់តែជិតស្ធិទបន្ថែមទៀត បន្ទាប់ពីបានចុះអនុស្សារណៈយោគយល់គ្នាកាលពីពេលថ្មីៗនេះ។
សិក្ខាសាលាខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ដែលប្រព្រឹត្ដទៅនៅសាលប្រជុំរបស់មន្ទីរពេទ្យ។
លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងថា «សិក្ខាសាលានៅថ្ងៃនេះ យើងមានការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរឹតចំណងមិត្ដភាពកាន់តែស៊ីជម្រៅ ពិសេសបង្កើនគុណភាពផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋយើងកាន់តែល្អប្រសើរថែមមួយកម្រិតទៀត»។
សម្រាប់សិក្ខាសាលានេះ គឺបានចែករំលែកពីគ្នាទៅវិញទៅមកលើផ្នែកត្រចៀក ច្រមុំ បំពង់ក ផ្នែកមាត់ធ្មេញថ្គាម ផ្នែកវះកាត់កែលម្អ និងស្ដារលទ្ធភាពពលកម្ម បេះដូង សរសៃឈាម និងផ្នែកភ្នែកផងដែរ។
លោកសាស្ដ្រាចារ្យបានបន្ថែម លោកពិតជាសប្បាយរីករាយណាស់ ពេលដែលធនធានមនុស្សនៃមន្ទីរពេទ្យព្រះអង្គឌួងកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការអភិវឌ្ឍចំណេះ ជំនាញ ជាបន្ដបន្ទាប់នៅបណ្ដាប្រទេសល្បីៗលើសកលលោក។
គួររម្លឹកផងដែរថា មន្ទីរពេទ្យព្រះអង្គឌួង បានចុះកិច្ចព្រមព្រៀងយោគយល់គ្នាជាមួយមន្ទីរពេទ្យ ស៊ុនឆុនយ៉ាង កាលពីឆ្នាំ២០២៣កន្លងទៅ ហើយស៊ុនឆុនយ៉ាង បានជួយគាំទ្រក្នុងការរៀបចំសាលប្រជុំមិត្ដភាពនេះឡើង និងបានជួយផ្ដល់អាហារូបករណ៍ដល់បុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង បានទៅបន្ដការសិក្សានៅប្រទេសកូរ៉េ ហើយបច្ចុប្បន្ននេះ គ្រូពេទ្យផ្នែកត្រចៀកបំពង់ក និងផ្នែកដាក់ថ្នាំសណ្ដំ បាននឹងកំពុងតែសិក្សានៅមន្ទីរពេទ្យនៃប្រទេសកូរ៉េខាងលើនេះ ហើយនឹងមានគ្រូពេទ្យឯកទេសផ្សេងៗនឹងបន្ដទៅសិក្សានៅទីនោះបន្ថែមទៀត។
នាយកមន្ទីរពេទ្យព្រះអង្គឌួង បានគូសបញ្ជាក់ទៀតថា លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាកលវិទ្យាល័យស៊ុនឆុនយ៉ាង និងមន្ទីរពេទ្យព្រះអង្គឌួង នឹងបន្ដកិច្ចការនេះជាបន្ដបន្ទាប់ទៀត ហើយពង្រីកកិច្ចសហការជាមួយគ្នាលើគ្រប់ផ្នែកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕