(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបង្ហាញពីវឌ្ឍនភាព នៃការកកាយថ្មចេញពីផ្ទៃទន្លមេគង្គមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រោយរដ្ឋបាលខេត្តបានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គិតមកត្រឹមព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថាការអនុវត្តវិធានការរដ្ឋបាលនេះ មានលទ្ធផលដូចខាងក្រោម៖
*ទី១៖ ភាគីម្ចាស់ដី បានដំណើរការកកាយថ្មចេញពីផ្ទៃទន្ល ចាប់ពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ ដោយសកម្មភាព កកាយថ្មចេញវិញនេះ គឺធ្វើឡើងទាំងយប់ទាំងថ្ងៃ។ ថ្មដែលត្រូវបានកកាយចេញទាំងអស់ ត្រូវបាន ដឹកចេញទៅទុកដាក់នៅដីឯកជន នៅទីតាំងផ្សេងទៀត។
*ទី២៖ តាមការវាយតម្លៃជាបឋម ការកកាយថ្មចេញវិញនេះ គឺសម្រេចបានប្រមាណ ៧០% ពោលគឺផ្នែក ខាងលើត្រូវបានប្រមូលចេញអស់ហើយ និងបន្តកកាយយកផ្នែកខាងក្រោមទឹកបន្តទៀត។ តាមការប្តេជ្ញាចិត្តរបស់ម្ចាស់ដី នឹងខិតខំកកាយថ្មពីផ្នែកខាងក្រោមទឹក ឲ្យរួចជាស្ថាពរ ក្នុងរយៈពេលត្រឹម១០ថ្ងៃទៀត។
*ទី៣៖ សកម្មភាពនៃការកកាយថ្មនេះ ត្រូវបានភាគីម្ចាស់ដី រាយការណ៍ជូនអាជ្ញាធរជាប់ជាប្រចាំ។
រដ្ឋបាលខេត្ត នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការអនុវត្តវិធានការរដ្ឋបាលនេះ ដោយមានលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ដែលមានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត តាមដាន វាយតម្លៃ នូវការអនុវត្តវិធានការរដ្ឋបាលនេះរហូតដល់ចប់ជាស្ថាពរ។
ចំពោះវិធានការផ្លូវច្បាប់ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងដល់ស្ថាប័នសាលាដំបូងខេត្តកំពង់ចាមរួចហើយ ហើយស្ថាប័នតុលាការ ក៏កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ។
សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានបុគ្គល ទន់ ឆៃអ៊ាង បានចាក់ថ្មចូលផ្ទៃទន្លេមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក, ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំងលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការជិត២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ។
ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ៕