(កណ្តាល)៖ លោក ទ្រី ដាលុច អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំត្បែង បានក្រើនរំលឹកដល់យុវជនក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យកគំរូតាមថ្នាក់ដឹកនាំគណបក្ស ក៏ដូចជាថ្នាក់ដឹកនាំជាតិ ត្រូវមានមនសិកាស្មោះត្រង់ចំពោះជាតិមាតុភូមិ។
ក្នុងកិច្ចសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ដែលរៀបចំឡើងនៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនាព្រឹកថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤នេះ លោក ទ្រី ដាលុច បានរំលឹកថា គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ពលិកម្មគ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិ។
លោក បានរំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទៈមុតមាំបំផុតក្នុងបុព្វហេតុជាតិ ដោយហ៊ានយកជីវិតជាដើមទុន ដើម្បីការរំដោះជាតិ ការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ដល់បច្ចុប្បន្ន។ លោក ទ្រី ដាលុច បានគូសរំលេចទៀតថា គំរូវីរភាពរបស់សម្តេចតេជោ បានបន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត អ្នកបន្តវេនរបស់គណបក្ស ដោយសម្តេចបាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងឥតខ្លាចនឿយហត់ ដើម្បីការកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរ។
លោក បានគូសបញ្ជាក់បែបនេះ «ទង្វើរបស់រៀមច្បង គឺជាគំរូដែលយុវជនត្រូវតែយកមកអនុវត្តន៍។ យុវជន គឺជាសសរទ្រូងប្រទេសជាតិ ហើយយុវជន គឺជាអ្នកបន្តវេននៃការកសាង និងអភិវឌ្ឍន៍ជាតិ។ ដូច្នេះយើងជាយុវជនត្រូវព្យាយាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ហើយត្រូវធ្វើខ្លួនជាជនគំរូ មានមនសិកាស្នេហាជាតិ ស្នេហាបក្ស និងស្មោះត្រង់នឹងបក្ស»។
លោកអនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានក្រើនរំលឹកដល់យុវជនជួយធ្វើការកិច្ចការក្នុងមូលដ្ឋានខ្លួនរស់នៅ ជួយយកអសារប្រជាពលរដ្ឋ ជួយអប់រំ និងណែនាំយុវជនដទៃទៀត ចូលរួមធ្វើសកម្មភាពល្អៗក្នុងសង្គម ចៀសវាងធ្វើរឿងមិនល្អបង្កអសន្តិសុខក្នុងសង្គម ជាពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
លោក ទ្រី លុច ក៏បានក្រើនរំលឹកដល់យុវជនបក្ស បន្តប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ តាមរយៈការសិក្សារៀនសូត្រ និងការបណ្តុះបណ្តាលនានា។
ក្នុងឱកាសនោះលោក បានវាយតម្លៃចំពោះកម្លាំងយុវជន ដែលបានប្រឹងប្រែងរួមគ្នាជួយដល់កិច្ចការបក្សនៅមូលដ្ឋាន និងបានប្រគល់បណ្ណសរសើរជូនដល់ពួកគេផងដែរ។
នៅព្រឹកមិញនេះ បន្ទាប់ពីសំណេះសំណាលជាមួយយុវជនបក្សហើយ លោក បានចុះពិនិត្យដំណើរការសាងសង់សាលារៀននៅក្នុងឃុំត្បែង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោក ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ទាប់មកលោក បន្តពិនិត្យមើលទីតាំងសាងសង់តារាងបាល់ទាត់នៅក្នុងឃុំត្បែង សម្រាប់ឱ្យកូនចៅប្រជាពលរដ្ឋ ជាពិសេសយុវជនជួបជុំលេងកីឡា ដើម្បីលើកកម្ពស់សកម្មភាពកីឡាក្នុងឃុំ៕