(កំពង់ឆ្នាំង)៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសហគមន៍នេសាទ នៅតែបន្តការថែរក្សា និងអភិរក្សមេពូជត្រីគ្រប់ប្រភេទនៅតាមបណ្ដាអតីតឡូត៍នេសាទមួយចំនួន ដែលមានសក្តានុពលក្នុងការអភិរក្សមេពូជត្រី ដើម្បីបន្តពូជពង្សក្នុងបឹងទន្លេសាបឱ្យសម្បូរឡើងវិញ។

ការអភិរក្សមេពូជត្រីនៅតាមបណ្ដាអតីតឡូត៍នេសាទដែលមានសក្តានុពលសម្រាប់ជាជម្រកមេពូជត្រីក្នុងរដូវប្រាំងទាំងអស់ខាងលើនេះ គឺមន្ត្រីរដ្ឋបាលជលផល និងសហគមន៍នេសាទតែងបានអនុវត្តធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដាអតីតឡូត៍នេសាទមួយចំនួនដែលមានអន្លុងទឹកជ្រៅៗដែលអាចជាទីជម្រករបស់មេពូជត្រីបាន។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង មានសហគមន៍នេសាទចំនួន៦៣ ក្រោយពីរាជរដ្ឋាភិបាល ប្រកាសរំសាយឡូត៍នេសាទទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងរួចមក ក៏បានជ្រើសរើសអតីតឡូត៍នេសាទចំនួន៧ ក្នុងខេត្តកំពង់ឆ្នាំងនេះដែលមានសក្តានុពលសម្រាប់ជាជម្រកត្រីមេពូជទុកសម្រាប់អភិរក្សមេពូជត្រីថ្នាក់ជាតិ ទាំងរដូវប្រាំង និងរដូវវស្សា។ ក្នុងនោះមានអតីតឡូត៍នេសាទលេខ១, ឡូត៍នេសាទលេ៥, ឡូត៍នេសាទលេខ៩, ឡូត៍នេសាទលេ ខ១០, ឡូត៍នេសាទលេខ១២, ឡូត៍នេសាទលេខ១ ៦ និងអតីតឡូត៍នេសាទលេខ១៧។

លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះអតីតឡូត៍នេសាទទាំង៧ទីតាំងដូចបានរៀបរាប់ខាងលើនេះ គឺសហគមន៍បាននៅប្រចាំការជាប់ជាប្រចាំ ហើយពួកគាត់ក៏បានអូស យកកំប្លោកឬគល់ឈើ និងមែកឈើងាប់ៗយកមកដាក់គរជាច្រើនកន្លែងទុកសម្រាប់ជាជម្រកត្រី និងបានសង់ជារោងសម្រាប់សហគមន៍នៅប្រចាំការ និងការពារទាំងយប់ទាំងថ្ងៃយ៉ាងត្រឹមត្រូវទៀតផង ដែលមិនមានជនណាម្នាក់ហ៊ាន ចូលធ្វើការនេសាទនៅក្នុងដែនអភិរក្សមេពូជត្រីទាំង៧ទីតាំងខាងលើនេះឡើយ។

លោកបញ្ជាក់ថា ដោយឡែកអតីតឡូត៍នេសាទលេខ១ ដែលពីមុនមកគ្រប់គ្រងដោយសហគមន៍ផ្សេង តែបច្ចុប្បន្ននេះក៏ជាកន្លែងអភិរក្សត្រីមេពូជ ថ្នាក់ជាតិផងដែរ ដែលទីតាំងទាំងអស់នេះត្រូវបានការពារយ៉ាងម៉ត់ចត់។

ដោយឡែកនៅក្នុងដែនអតីតឡូត៍នេសាទលេខ១នេះដែរ គឺគេបានជ្រើសរើសទីតាំងចំនួន៣កន្លែង ដែលមានអន្លុងទឹកជ្រៅៗសម្រាប់ជាជម្រកត្រីមេពូជជ្រកក្នុងរដូវប្រាំង ហើយបច្ចុប្បន្ននេះ គឺសហគមន៍បានរៀបចំទាំង៣ទីតាំងនេះ ដោយបានអូសប្រមូលកំប្លោកនិងគល់ឈើ មែកឈើងាប់ៗ យកមកដាក់គរទុកសម្រាប់ជាជម្រកត្រីមេពូជជ្រកនោះដោយមានបោះបង្គោល និងដោតខ្ទង់ជាចំណាំផងដែរ។ តែបើយើងមិនដឹងមើលទៅទីនោះហាក់ដូចជាគំនរសម្រាស់ មែកឈើរបស់ក្រុមឈ្មួញ ឬជនល្មើសដែលគេដាក់សម្រាប់ទុកហ៊ុំព័ទ្ធចាប់ត្រីនៅក្នុងដែនអភិរក្សពូជត្រីខាងលើនេះ។

ហេតុនេះលោកនាយខណ្ឌរដ្ឋបាលជលផល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរត្រូវរួមសហការគ្នា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានប្រទះឃើញ ក្រុមឈ្មួញនិងជនខិលខូចឆ្លៀត ឱកាសធ្វើការ នេសាទ ដូចជាការការហ៊ុំសម្រាស់ចាប់ត្រី អូសអួន ឬក៏ប្រើឧបករណ៍នេសាទផ្សេងៗទៀតនៅក្នុងដែនអភិរក្សត្រីមេពូជទាំង៧ទីតាំងដូចបានរៀបរាប់ខាងលើនេះសូមប្រញា ប់រាយការណ៍មកមន្ត្រីជំនាញ រដ្ឋបាលជលផល ឬក៏រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលនៅជិតទីតាំងកើតហេតុ ដើម្បីឱ្យសមត្ថកិច្ចសហការជាមួយមន្ត្រីជំនាញចុះបង្ក្រាបឲ្យបានទាន់ពេល៕