(កោះកុង)៖ សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តកោះកុង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានបើកវេទិកាសហគ្រិនស្ត្រីកម្ពុជាក្រោមប្រធានបទ «វិនិយោគលើស្ត្រី ដើម្បីបង្កើនល្បឿនវឌ្ឍនភាព» ដោយមានការចូលរួមពីលោកស្រី អ៉ី នារីនេត អភិបាលរងខេត្ត, លោកស្រី ផេង ផាត់រ៉ាវី ប្រធានកិត្តិយសសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តកោះកុង និងលោកស្រី ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តកោះកុង រួមជាមួយសមាជិកសមាជិកា សមាគមសហគ្រិនស្ត្រីកម្ពុជា ខេត្តកោះកុងផងដែរ។
លោកស្រី អ៉ី នារីនេត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តកោះកុង ដែលបានផ្ដួចផ្ដើមរៀបចំនៅវេទិកាពិភាក្សាសហគ្រិនស្ត្រីកម្ពុជាក្រោមប្រធានបទ «វិនិយោគលើស្ត្រី ដើម្បីបង្កើនល្បឿនវឌ្ឍនភាព» និងដើម្បីចូលរួមអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា។
លោកស្រីសូមលើកទឹកចិត្តបណ្ដាស្ថាប័ន និងអង្គភាពក្នុងខេត្ត ដើម្បីបន្តជំរុញអភិវឌ្ឍន៍។ វិស័យពាណិជ្ជកម្ម និងសហភាពយេនឌ័រដើម្បីឲ្យបងប្អូនស្ត្រី និងអាជីវករទាំងអស់ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ឲ្យស្របទៅតាមសម័យកាលដែលកំពុងរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ យ៉ាងខ្ពស់ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល និងវិស័យឯកជន និងប្រមូលធាតុចូលដើម្បីអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច ក្នុងទិសដៅសម្រេចឱ្យបាននៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព រួមជាមួយអាទិភាពគន្លឹះចំនួន៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកស្រីបានផ្តាំផ្ញើសមាជិសមាជិកាទាំងអស់ ឲ្យខិតខំរៀនយកបទពិសោធន៍ឲ្យគ្រប់ដើម្បីក្នុងការពង្រីកអាជីកម្ម មុខរបរ ដើម្បីរកប្រាក់ចំណូលចូលក្នុងគ្រួសារឲ្យមានជីវភាពធូរធារ និងវិវឌ្ឍន៍ខ្លួនឲ្យក្លាយជាស្រីល្អ ដើម្បីមានភាពទំនាក់ទំនងផ្នែកវិស័យពាណិជ្ជកម្មរបស់ស្រ្តីកម្ពុជាទៅអនាគត៕