(កំពង់ស្ពឺ)៖ បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជាច្រើនលើកច្រើនសារមកភ្នាក់ងារ Fresh News អំពីការចាក់សំរាមកាកសំណល់ផ្លែស្វាយ ដែលជះក្លិនស្អុយប៉ះពាល់ចំពោះសុខភាពពួកគាត់យ៉ាងធ្ងន់ធ្ងរ។ កាកសំណល់នេះ ត្រូវបានគេចាក់គរទុកចោលយ៉ាងអនាធិតេយ្យនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ២៩-៣០ បត់ចូលតាមផ្លូវលំ១៥០ម៉ែត្រ ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះថា មានរថយន្តដឹកកាកសំណល់កាកសំណល់ស្វាយ ហើយយកទៅចាក់លើដីមួយកន្លែង ទំនេរទុកចោល ដោយពួកឡានបានដឹកជញ្ជូនរាល់ថ្ងៃ។ បច្ចុប្បន្នសំរាមបានចេញក្លិនស្អុយមកលើអ្នកភូមិយ៉ាងធ្ងន់ធ្ងរ។ បងប្អូនប្រជាពលរដ្ឋ កំពុងព្រួយបារម្មណ៍ដោយសារកាកសំណល់ទាំងនេះ ដោយសារបានបំភាយក្លិនគីមី បំពុលបរិស្ថានជុំវិញលំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងខ្លាំង។

ប្រជាពលរដ្ឋសង្ស័យថា កាកសំណល់នេះបានដឹកចេញពីរោងចក្រស្វាយ ដែលកន្លងធ្លាប់ចាក់ចូលក្នុងស្ទឹងព្រែកត្នោត និងបានបំពុលត្រីងាប់ពេញស្ទឹង ហើយមានប្រតិកម្មពីសំណាក់អាជ្ញាធរ ទើបកាកសំណល់ទាំងនេះ ត្រូវបានបង្វែរដឹកតាមឡានមកចាក់នៅទីតាំងខាងលើ៕