(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺចំពោះការចុះផ្សាយលើគណនីTikTok ឈ្មោះ MRR RAM និងហ្វេសប៊ុកឈ្មោះ Boy Thee ដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គម ដោយលើកឡើងមិនពិត ជុំវិញការដុតកម្ទេចគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន នាពេលកន្លងមក ដែលមានខ្លឹមសារ «ចាប់បានបំពង់ស៊ីមាំង ចឹងកិនកម្ទេច តែនៅពេលគ្រឿងញៀន អត់ដែលឃើញកម្ទេចសោះ អត់ដែលឃើញដុតសោះ»

មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានចុះផ្សាយនៅក្នុងបណ្តាញ TikTok និងសង្គមហ្វេសប៊ុកនេះ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវរកឃើញម្ចាស់គណនី TikTok ដែលបង្ហោះវីដេអូ និយាយមិនពិតនេះ មានឈ្មោះ សម្បត្តិ សំបូរ ភេទប្រុស កើតឆ្នាំ១៩៩២ មានលំនៅដ្ឋានភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងនាមស្ថាប័នអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀន, មន្ទីរប្រឆាំងគ្រឿងញៀន សូមបំភ្លឺ និងស្រាយចម្ងល់សាធារណជន ដែលតែងតែឆ្ងល់ថា «តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅណា?» សូមជម្រាបថា នៅពេលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវចាប់យកវត្ថុតាងគ្រឿងញៀន រួចធ្វើការវេចខ្ចប់តាមបច្ចេកទេស បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមនីតិវិធី ។

បន្ទាប់ពីជនសង្ស័យ ត្រូវបានចៅក្រម ជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោលនៅតាមរាជធានី-ខេត្ត ដែលជាទូទៅធ្វើក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ។

ជាស្តែងនៅឆ្នាំ២០២៣កន្លងទៅនេះ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ខែមិថុនា មានការរៀបចំពិធីដុតបំផ្លាញ និងកម្ទេចវត្ថុតាងគ្រឿងញៀន ១០លើក សរុបគ្រឿងញៀន ១៣តោន ៧៩៦គីឡូក្រាម ២៨៨.៤៥ក្រាម សារធាតុគីមីផ្សំសរុប ៣៤២តោន ២៥៧គីឡូក្រាម ៦១៨.៦០ក្រាម និងកញ្ឆាក្រៀម សរុប ១១គីឡូក្រាម ៧៩១.៨៥ ក្រាម។

មន្ទីរប្រឆាំងគ្រឿងញៀន បានសង្កត់ធ្ងន់ថា «ពាក់ព័ន្ធករណីចុះផ្សាយលើគណនីTikTok ឈ្មោះ MRR RAM និងហ្វេសប៊ុកឈ្មោះ Boy Thee ជាការលើកឡើងដោយ ដែលបុគ្គល សម្បត្តិ សំបូរ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់កិត្តិយសស្ថាប័នអនុវត្តន៍ច្បាប់ ដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ មន្ទីរប្រឆាំងគ្រឿងញៀន ស្នើ និងទុកពេលឱ្យបុគ្គល សម្បត្តិ សំបូរ ចំនួន២៤ម៉ោង ដើម្បីធ្វើការលុបវីដេអូរបស់ខ្លួនចេញពី TikTok និង Facebook ឱ្យអស់ និងធ្វើការកែតម្រូវខ្លឹមសារពាក្យពេចន៍របស់ខ្លួនឡើងវិញ ប៉ុន្តែប្រសិនបើ បុគ្គលនេះ នៅតែមិនព្រមអនុវត្តន៍តាមការស្នើនេះទេ មន្ទីរប្រឆាំងគ្រឿងញៀន នឹងអនុវត្តន៍តាមច្បាប់ជាធរមានចំពោះបុគ្គល សម្បត្តិ សំបូរ»

ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះបណ្តា អង្គភាពសារព័ត៌មាន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ កិច្ចការរបស់មន្ទីរប្រឆាំងគ្រឿងញៀន និងអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម សូមកុំធ្វើការបង្ហោះ និងស៊ែរតែព័ត៌មានមិនពិត ដើម្បីចៀសវាងប៉ះពាល់ដល់កិត្តិយសបុគ្គល និងអង្គភាព ដែលអាចប្រឈមរងការចោទប្រកាន់តាមផ្លូវច្បាប់៕