(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញការណែនាំចំនួន៥ចំណុច ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជាចំណែកដល់កិច្ចអភិវឌ្ឍន៍នៅមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្នុងសារលិខិតណែនាំ សម្តេចធិបតី បានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានសហការរៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ជាបន្តបន្ទាប់។
ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត ក៏បានសហការធ្វើការផ្សព្វផ្សាយគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសហការធ្វើការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅតាមមូលដ្ឋាននានា សំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួមសហការដោះស្រាយឆ្លើយតប បញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំការងារបន្ថែមមួយចំនួនទៀតដូចខាងក្រោម៖
១៖ រាជធានី ខេត្ត ដែលមិនទាន់រៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវជំរុញការរៀបចំចាត់តាំង សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលទាំងនេះ ឱ្យបានរួចរាល់យ៉ាងយូរត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៤ និងត្រូវធ្វើសេចក្តីរាយការណ៍អំពីការរៀបចំចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅតាមរាជធានី ខេត្តនីមួយៗ មកទីស្តីការគណៈរដ្ឋមន្ត្រីនៅដើម ខែមេសា ឆ្នាំ២០២៤ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។
២៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ និងរៀបចំឱ្យបានសមស្របនូវសមាសភាពមន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់រាជធានី ខេត្តរបស់ខ្លួន ដើម្បីធ្វើជាសេនាធិការដល់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានលើកិច្ចការរដ្ឋបាល ការកែសម្រួលផ្លាស់ប្តូរសមាសភាពក្រុមការងារ ការប្រជុំ ការចុះបំពេញការងារតាមមូលដ្ឋាន ការធ្វើរបាយការណ៍ ការប្រមូលចងក្រងទិន្នន័យនានានៅមូលដ្ឋាន និងការបំពេញ ការងារផ្សេងៗទៀតតាមសំណូមពរការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ ទន្ទឹមនេះ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំ តាមដាន និងត្រួតពិនិត្យការរៀបចំលេខាធិការដ្ឋានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងដែនសមត្ថកិច្ចនៃរាជធានី ខេត្តនីមួយៗឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។
៣៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ដែលក្រុមការងារនីមួយៗទទួលខុសត្រូវ ដើម្បីសហការផ្សព្វផ្សាយជំរុញការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាល ព្រមទាំងពង្រឹងកិច្ចសហការជំរុញការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
៤៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើសេចក្តីរាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឱ្យបានទៀងទាត់មកទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។
៥៖ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវធ្វើការណែនាំអំពីទម្រង់របាយការណ៍សម្រាប់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ធ្វើការបូកសរុបរាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន និងរៀបចំឯកសារ ណែនាំសម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសហការរៀបចំវេទិកាសាធារណៈ ដើម្បីសហការជំរុញការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕