(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ ដែលសមត្ថភាពផលិតទឹកស្អាត ១៩៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងបំពង់មេនាំទឹកទំហំ ២០០០មីលីម៉ែត្រឆ្លងកាត់បាតទន្លេសាប​ ដាក់ឱ្យដំណើរការសាកល្បង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីបង្កើនសម្ពាធផ្គត់ផ្គង់ទឹកទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យបានប្រសើរឡើង។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ និងត្រួតពិនិត្យគុណភាពសំណង់បរិក្ខាបច្ចេកទេស រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ និងបំពង់មេនាំទឹកស្អាតទំហំ ២០០០ ម.ម ឆ្លងកាត់ក្រោមបាតទន្លេសាប រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងដាក់ដំណើរការសាកល្បងនៅយប់ម៉ោង ១២:០០នាទី​ ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីបង្កើនសម្ពាធផ្គត់ផ្គង់ទឹកទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ​ឱ្យបានប្រសើរឡើង។

ការដាក់ឱ្យដំណើរការនូវរោងចក្រនេះ អាចនឹងបណ្តាលឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាត នៅតាមទីសាធារណៈ ឬមុខផ្ទះអតិថិជន និងបង្កឱ្យមានបាតុភូតទឹកឡើងល្អក់កករ​។

​ក្នុងករណីប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត ក៏ដូចជាឃើញមានទឹកល្អក់កករជាដើម សូមមេត្តាទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩៧ ៧៧១ ១១៧៩ ឬ០៩៧ ៦៥១ ២២២២ ដើម្បីក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះទៅត្រួតពិនិត្យជួសជុល និងលាងសម្អាត បានទាន់ពេលវេលា​៕