(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជាសាធារណៈថា មិនមានការកំណត់យកកម្រៃសេវាក្រៅផ្លូវការលើការសម្របសម្រួល ពន្យារពេលទទួលលិខិតថ្កោលទោសពីសិស្ស-និស្សិត ដែលទើបប្រឡងជាប់ចូលបម្រើការងារនៅក្របខណ្ឌក្រសួងនោះឡើយ។

ការចេញមកបញ្ជាក់របស់ក្រសួងកសិកម្ម បានធ្វើឡើងឆ្លើយតបទៅនឹងព័ត៌មានមួយចំនួន ដែលបានលើកថា មានភាពមិនប្រក្រតីមួយចំនួនបានកើតឡើង នៅក្នុងក្រសួងកសិកម្ម ពោលគឺមានការយកប្រាក់កម្រៃក្រៅសេវា លើការពន្យារលិខិតថ្កោលទោសពីសិស្ស និងនិស្សិត ដែលទើបប្រឡងជាប់ចូលបម្រើ ការងារក្នុងក្របខណ្ឌក្រសួងនាពេលថ្មីៗនេះ។

នៅក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងបានបញ្ជាក់ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំបានកំណត់យកកម្រៃ សេវាក្រៅផ្លូវការ លើការសម្របសម្រួលពន្យារពេលទទួលលិខិតថ្កោលទោសពីសិស្ស-និស្សិត ទើបប្រឡងជាប់ឡើយ»

តាមរយៈសេចក្តីជូនដំណឹងដដែលនេះ ក្រសួងបានបញ្ជាក់ប្រាប់ទៅសិស្ស-និស្សិត ដែលបានប្រឡងជាប់ថា ប្រសិនបើមានភាពមិនប្រក្រតី ណាមួយកើតឡើងពាក់ព័ន្ធការយកកម្រៃសេវាក្រៅផ្លូវការនេះ សិស្ស-និស្សិត អាចទាក់ទង និងរាយការណ៍ទៅក្រសួងជាបន្ទាន់តាមទូរស័ព្ទលេខ ០១២ ៨១៦ ៥៨១ ឬ ០១១ ៨១៨ ៧៩៨ ដើម្បីក្រសួងមានវិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ មានសិស្ស-និស្សិតចំនួន ២,៣៩៣នាក់ បានប្រឡងចូលបម្រើការងារក្នុង ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ សិស្ស និស្សិត ៣១៨នាក់ បានប្រឡងជាប់ដោយជោគជ័យ។

បើតាមមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា ក្រសួង បាននិងកំពុងដាក់លិខិតស្នើសុំទៅក្រសួងមុខងារសាធាណៈ ដើម្បីឲ្យសិស្ស និស្សិត ៣១៨នាក់ មានសិទ្ធិពេញលេញជាមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម។ បន្ទាប់មកទើបធ្វើការបែងចែកការងារទៅតាមជំនាញរបស់ពួកគេ៕