(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមាន ស្តូបឈ្នះឈ្នះ បានបញ្ជាក់ពីមូលហេតុដែលក្រុមការងារសម្រេចសាងសង់ស្តូបឈ្នះឈ្នះ តែ៣កន្លែង រួមមាន៖ សំឡូត អន្លង់វែង និងប៉ៃលិន។

និយាយពីនយោបាយឈ្នះឈ្នះ ការកសាងវិមានឈ្នះឈ្នះ រហូតការកសាងស្តូបឈ្នះឈ្នទ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។

ទីបំផុត សន្តិភាពពេញលេញនៅកម្ពុជា ត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយស្នាដៃ «រដ្ឋបុរស» ខ្មែរឈ្មោះតេជោសែន ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា «នយោបាយឈ្នះឈ្នះ» ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិ បានចំណាយថវិកា ២,០០០លានដុល្លារ ក៏មិនទាន់អាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។

ការលើកឡើងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីផ្សព្វផ្សាយការរៀបចំសមិទ្ធផលប្រវត្តិសាស្ត្រ «សួនតេជោសន្តិភាព» នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ដោយសារភាពចាំបាច់ និងតម្រូវការជាប្រវត្តិសាស្ត្រនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការអនុញ្ញាតកសាងស្តូបឈ្នះឈ្នះដោយយកលំនាំវិមានឈ្នះឈ្នះធ្វើនៅកោះកុង អន្លង់វែង ប៉ៃលិន ដើម្បីជាតឹកតាង និងពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់រៀនសូត្រ អំពីនយោបាយឈ្នះឈ្នះ អំពីប្រវត្តិសាស្ត្រនៃដំណើរការអនុវត្តទៅតាមទិសនានា។

អតីតរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានរំលឹកឡើងយ៉ាងដូច្នេះថា៖ «ហេតុអីធ្វើស្តូបឈ្នះឈ្នះ តែ៣កន្លែង នៅភូមិភាគ៣ តំបន់ឱរ៉ាល់នេះឯង យើងឱ្យតម្លៃថាជាកន្លែងចាប់ផ្តើម អាចបញ្ជាក់ឱ្យច្បាស់ថែមទៀតថា ថ្ងៃទី៧ គឺជាថ្ងៃដែលមានសារៈសំខាន់ខ្លាំងណាស់លោក កែវ ពង្ស មេបញ្ជាការកងទ័ពខ្មែរក្រហមលេខ១៨  បានមកជួបជាមួយសម្តេចតេជោ បានចុះចេញនូវនយោបាយឈ្នះឈ្នះ ក្នុងរយៈពេលដ៏ខ្លី នៅថ្ងៃទី១១ ខែដដែល យើងចាប់ផ្តើមធ្វើសមាហរណកម្ម កងពលរបស់លោក កែវ ពង្ស យើងចាត់ទុកថានេះហើយគឺជាការចាប់ផ្តើមចេញជាលទ្ធផលភ្លាមនូវនយោបាយឈ្នះឈ្នះ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា តំបន់អន្លង់វែង ខេត្តឧត្តមានជ័យ ជាតំបន់ដែលបានបញ្ចប់សង្គ្រាមចុងក្រោយគេ ក្រោម គោលនយោបាយឈ្នះឈ្នះ, តំបន់ប៉ៃលិន ជាតំបន់ដែលមានការចូលរួមពីប្រតិបត្តិការជាច្រើនក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ និងតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំបន់ចាប់ផ្តើមអនុវត្តន៍នយោបាយឈ្នះឈ្នះ ហើយតំបន់នេះជាតំបន់ ដែលកងពលលេខ១៨ របស់លោក កែវ ពង្ស ឈរជើងនាពេលនោះ។

សូមបញ្ជាក់ថា វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅភ្នំពេញ មានកម្ពស់ ៥៤ម៉ែត្រ និងត្រូវបានសាងសង់ឡើងលើផ្ទៃដី ៨ហិកតា នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដែលស្ថិតនៅទល់មុខពហុកីឡាដ្ឋានជាតិមរតកតេជោ។ វិមាន អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ចំណាយទឹកប្រាក់អស់ ១២លានដុល្លារ និងចំណាយពេលជិត៣ឆ្នាំ ក្នុងការសាងសង់ គឺចាប់ផ្តើមតាំងពីដើមឆ្នាំ២០១៦ ហើយរួចរាល់ និងសម្ពោធនៅខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកឯក នយោបាយឈ្នះឈ្នះ។

អត្ថន័យសំខាន់មួយនៃការកសាងវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺដើម្បីរម្លឹកពីការយកឈ្នះ ឬការផ្តួលរំលំខ្មែរក្រហម និងការធ្វើ ឱ្យកម្ពុជាមានសន្តិភាពពេញបូរិបូរ ប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្តិភាព៕