(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅដើមខែមីនា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលការវះកាត់ឆ្អឹងខ្នង ដោយអង់ដូស្កុប ដែលមានវាគ្មិនឯកទេសល្បីៗមកពីបណ្ដាប្រទេសចំនួន ៤ផងដែរ ធ្វើបទបង្ហាញចែករំលែកដល់គ្រូពេទ្យកម្ពុជា។ ពិធីនេះប្រព្រឹត្ដទៅក្រោមវត្ដមាននាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង។

លោកសាស្រ្តាចារ្យ ងី ម៉េង បានថ្លែងថា សិក្ខាសាលានេះធ្វើឡើងដើម្បីផ្តល់ឱកាសមួយក្នុងការចែករំលែក និងពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ ដើម្បីថែទាំអ្នកជំងឺឆ្អឹងខ្នង ក៏ដូចជាបន្តអភិវឌ្ឍចំណេះដឹង និងជំនាញថ្មីៗសម្រាប់ការព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

លោកសាស្រ្តាចារ្យបន្តថា «យើងមានគោលបំណង ដើម្បីស្វែងយល់ពីការការពារ និងការព្យាបាលហានិភ័យនៃឆ្អឹងខ្នងដែលខូច ពិសេសដើម្បីការពារ និងកាត់បន្ថយអត្រាកើតជំងឺឆ្អឹងខ្នងសម្រាប់ប្រជាជនកម្ពុជា»

លោកបន្ដថាសិក្ខាសាលានេះនឹងក្លាយជាសញ្ញានៃការអភិវឌ្ឍន៍ និងការច្នៃប្រឌិតនៃនីតិវិធីថ្មីសម្រាប់អ្នកជំងឺឆ្អឹងខ្នងទាំងអស់នៅក្នុងប្រទេសរបស់យើង។ ចំណុចលេចធ្លោនៃសិក្ខាសាលានេះ «គឺការប្រមូលផ្តុំវាគ្មិនជាតិ និងអន្តរជាតិល្អៗលើប្រធានបទចំនួន ១២ ដែលក្នុងនោះមានវាគ្មិនមកពីប្រទេសកូរ៉េ ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី និងមានការចូលរួមពីវេជ្ជបណ្ឌិតចំនួន ១២០នាក់មកពីមន្ទីរពេទ្យជាតិកម្ពុជា»

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យ ងី ម៉េង បានបញ្ជាក់ថា នៅឆ្នាំ២០២៣ មានអ្នកជំងឺក្រៅចំនួន ៤៧៤,២០៥នាក់ បានមកពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយអ្នកជំងឺ ៦១,៦៣៦នាក់ ត្រូវបានអនុញ្ញាតឱ្យមានការព្យាបាល ដូច្នេះសរុបអ្នកជំងឺ ៥៣៥,៨៤១នាក់។ ហើយនៅឆ្នាំ២០២៣ នាយកដ្ឋានសរសៃរប្រសាទបានទទួលអ្នកជំងឺវះកាត់សរសៃប្រសាទ IPD ចំនួន ១,១២២នាក់ ក្នុងនោះ ៤៨៣ នាក់ជាអ្នកជំងឺឆ្អឹងខ្នង។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ស៊ីម សុខចាន់ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់សរសៃប្រសាទកម្ពុជា បានថ្លែងផងដែរថា ជំងឺឆ្អឹងខ្នងនេះ ជាជំងឺវិវត្តវ័យចាស់ភាគច្រើន បណ្តាលមកពីការប្រើប្រាស់ឆ្អឹងខ្នងរយៈពេលយូរ ដែលពេលមួយទាំងឌីស ទាំងឆ្អឹងមានការថយចុះ ដែលពេលណាមួយនោះវាបានគៀបទៅលើប្រព័ន្ធសរសៃប្រសាទណាមួយ ដូចជាកញ្ចឹងក ឆ្អឹងចង្កេះ។ ក្រោយពេលដែលគ្រូពេទ្យពិនិត្យ និងវាយតម្លៃ អាចពេលខ្លះរហូតឈានដល់ដំណាក់កាលនៃការវះកាត់ផងក៏មាន។

លោកវេជ្ជបណ្ឌិតបន្ថែមថា ការវះកាត់នេះគឺមានច្រើនរបៀបដូចជា ការវះកាត់តូច ហើយឆាប់ជាសះស្បើយដែលជាបច្ចេកទេសថ្មី។ លោកបន្តថា «អ្នកជំងឺដែលមានបញ្ហាឆ្អឹងខ្នង មិនទាន់មានការថមថយចំនួននៅឡើយទេ មានតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលមករកសេវាព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។ ដូច្នេះលោកវេជ្ជបណ្ឌិតបានផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនមានជំងឺប្រភេទគៀបសរសៃនេះ ត្រូវធ្វើការដោយប្រុងប្រយ័ត្ន កុំលើកធ្ងន់ពេក និងជៀសវាងការដួល ប៉ះទង្គិចផ្សេងៗ ដែលបណ្តាលឱ្យប៉ះពាល់ដល់ការគៀបសរសៃឆ្អឹងខ្នង»

ដោយឡែកលោកវេជ្ជបណ្ឌិត Lim Kangtaek President of Korea Mini Invasive spine Society សាស្ត្រាចារ្យជំនាញវះកាត់ប្រព័ន្ធប្រសាទមកពីប្រទេសកូរ៉េ បានលើកឡើងថា លោកមកកម្ពុជា ដើម្បីចែករំលែកបពិសោធន៍ថ្មី ក្នុងការះកាត់ការគៀបសរសៃឆ្អឹងខ្នង ដែលទំនើប មុខរបួសតូច ឆាប់ជាសះស្បើយ ដែលចំណេញទាំងសុខភាព និងពេលវេលារបស់អ្នកជំងឺ ។លោកបន្ដថា ដូចនេះការមកចូលរួមលើកនេះ គឺលោកពិតជាសប្បាយរីករាយ ដោយបានមកបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ និងនិស្សិតរបស់កម្ពុជា ឱ្យទទួលបាននូវបទពិសោធន៍ថ្មី និងមានប្រសិទ្ធភាព ក្នុងការព្យាបាល៕