(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ម្ចាស់ដីដែលចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បច្ចុប្បន្នអនុវត្តវិធានការរបស់រដ្ឋបាលខេត្ត ដោយកាយយកថ្មចេញពីទន្លេបានលទ្ធផល៧០% ហើយបច្ចុប្បន្នម្ចាស់ដី កំពុងបន្តការយកថ្មចេញឲ្យបានរួចរាល់១០០% ក្នុងកំឡុងពេល១០ថ្ងៃទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ដូច្នេះនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ខណៈពេលដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល នូវសកម្មភាពការកាយយកថ្មចេញពីទន្លេ ស្ថិតនៅចំណុចដីកើតហេតុ ក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមលោក អ៊ុន ចាន់ដា, ថ្ងៃនេះគឺជាថ្ងៃទី៧ហើយ បន្ទាប់ពីខាងម្ចាស់ដីដែលបានចាក់ថ្មរំលោភលើទន្លេ ប៉ុន្តែក្រោយអនុវត្តតាមវិធានការរបស់អាជ្ញាធរខេត្តម្ចាស់ដីបានប្រើគ្រឿងចក្រដើម្បីកាយថ្មចេញពីទន្លេវិញ រហូតមកដល់ពេលនេះ បើពិនិត្យមើលតាមស្ថានភាពជាក់ស្ដែង ផ្នែកនៅលើផ្ទៃទឹក គឺបានយកចេញអស់ហើយ។ ទន្ទឹមនឹងនេះអ្វីដែលជាការងារបន្តពួកគាត់ត្រូវបំពេញ ទៅតាមការកំណត់របស់រដ្ឋបាលខេត្ត គឺត្រូវយកថ្មឲ្យអស់ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោម។
លោកអភិបាលខេត្ត បានបន្ថែមថា ចំពោះមុខម្ចាស់ដីបានកាយថ្មចេញសម្រេចបាន៧០% ហើយពួកគាត់កំពុងបន្តកាយយកថ្មចេញធ្វើយ៉ាងណាឲ្យអស់ពីទន្លេ ដើម្បីចៀសវាងការប៉ះពាល់ នៃការធ្វើដំណើររបស់នាវាចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនេះ ជាពិសេសគឺអនុវត្តទៅតាមគោលការណ៍នែនាំរបស់រដ្ឋបាលខេត្ត ដែលបានកំណត់ឲ្យពួកគាត់យកថ្មចេញអស់ធ្វើយ៉ាងណា រក្សាស្ថានភាពដើមនៃទន្លេវិញ។
ជាមួយនឹងការចុះពិនិត្យដោយផ្ទាល់នេះ លោកបានណែនាំដល់មន្ត្រីនៃមន្ទីរធនធានទឹក សហការការងារជាមួយនឹងក្រុមការងារប្រមូលថ្មចេញ ដោយត្រូវដាក់ពូងកំណត់ព្រំប្រទល់ និងការកំណត់ជម្រៅទឹក និងឈានដល់ការតាមដានអង្កេត និងការចូលរួមសហការពេលក្រុមជំនាញពាក់ព័ន្ធ មានទាំងខាងមន្ត្រីមន្ទីរធនធានទឹក និងមន្ត្រីមន្ទីរសាធារណការ ក៏ដូចជាមន្ទីរបរិស្ថានជាដើម ដើម្បីធ្វើកិច្ចការនេះឲ្យប្រាកដថា ថ្មត្រូវបានយកចេញអស់ពីទឹកទន្លេនោះ។
លោកអភិបាលខេត្ត បានយកឱកាសនោះសូមបញ្ជាក់ជូនសាធារណៈជនដែលបានតែងតែគាំទ្រ នូវចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ចាម និងបានផ្ដល់នូវយោបល់មករដ្ឋបាលខេត្ត អញ្ចឹងអ្វីដែលយើងបានឃើញនៅទីនេះ គឺអាជ្ញាធរខេត្តបានរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឲ្យភូមិ ឃុំ ស្រុក ខេត្តនេះទទួលបាននូវការរស់នៅ ប្រកបដោយសុខដុមរមនា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាផ្នែកមួយដែលនាំមកនូវការអភិវឌ្ឍន៍ និងការរីកចម្រើនដល់ប្រជាពលរដ្ឋរបស់យើង៕