(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញមកឆ្លើយតបចំពោះការបង្ហោះសារប្រឌិតខុសពីការពិតរបស់ជនបរទេសម្នាក់ នៅខណ្ឌបឹងកេងកង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ដ្រីអនុវត្តច្បាប់នៅពេលបំពេញតួនាទីភារកិច្ច។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រាល់ការសរសេរសារបង្ហោះរបស់ជនបរទេសខាងលើ ចោទប្រកាន់មកលើសមកិច្ចអនុវត្តច្បាប់នៅលើកំណាត់ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង នោះ គឺសមត្ថកិច្ចសូមធ្វើការបដិសេធទាំងស្រុង មិនដូចការលើកឡើងរបស់ជនបរទេសនេះទេ។
នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យ បានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ។
បន្ទាប់មកសមត្ថកិច្ចឲ្យគាត់សហការផ្លុំធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងបានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យោងមាត្រា ១០ថ្មី នៃអនុក្រិត្យលេខ ៣៩ អនក្រ. បក និងមិនអនុញ្ញាតឲ្យគាត់បើកបរម៉ូតូធ្វើដំណើរទៅមុខនោះទេ បើមិនដូច្នោះទេត្រូវទុកម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែកមកយកម៉ូតូ។
បន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បានលួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាកតាមតេឡេក្រាម សមត្ថកិច្ចឃើញក៏ស្នើសុំឲ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែកមើលទូរស័ព្ទគាត់ គឺគាត់បានលុបតេឡេក្រាមពួកម៉ាកគាត់ដែលបានផ្ញើរូបភាពទៅរួចហើយ និងរូបភាពក្នុងទូរស័ព្ទគាត់ចោលអស់។
ក្រោយមកសមត្ថកិច្ចបានណែនាំឲ្យជនបរទេសនេះហៅពួកម៉ាកដែលមិនស្រវឹងស្រា មកទទួលយកគាត់។ មួយសន្ទុះមកពួកម៉ាកគាត់បានមកទទួលហើយសមត្ថកិច្ចអនុញ្ញាតឲ្យពួកម៉ាកជនបរទេសនេះ ជិះម៉ូតូធំរបស់គាត់ដឹកចេញទៅបាត់។
ចំពោះជនបរទេសខាងលើ សមត្ថកិច្ចបានស្រាវជ្រាវ គឺគាត់ធ្វើការជាឌីជេនៅក្លឹបមួយ ប៉ុន្តែគាត់ត្រូវបានក្លឹបបណ្តេញចេញពីការងារ និងទៅធ្វើការងារក្នុងក្លឹបផ្សេង ឲ្យចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចសួរនាំពីព្រោះការចុះអនុវត្តច្បាប់នេះសមត្ថកិច្ចអនុវត្តច្បាប់ចំពោះជនទូទៅមិនថាជនជាតិខ្មែរ ឬជនបរទេសនោះទេ ឲ្យចូលរួមគោរពច្បាប់។ ការអនុវត្តច្បាប់នេះដោយវិជ្ជាជីវៈ និងតាមគោលការណ៍ច្បាប់៕