(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ។
កិច្ចប្រជុំនេះ ដោយមានការចូលរួមពីសំណាក់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និងសម្តេចព្រះរាជាគណៈ, លោក ឈិន កេតនា, លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គីមគុណ ព្រមទាំងសមាជិកនៃគណៈកម្មការ និងអនុគណៈកម្មការនានា។
អង្គប្រជុំបានធ្វើការបូកសរុបសកម្មភាពការងារនៃការរៀបចំព្រះរាជពិធីបុណ្យដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់រហូតថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ និងការរៀបចំផែនការសកម្មភាពការងារសំខាន់ៗ សម្រាប់ព្រះរាជពិធីបុណ្យទក្ខិណានុប្បទានគម្រប់ប្រាំពីរថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រមទាំងផែនការសកម្មភាពដែលអនុវត្តបន្ត រហូតដល់ថ្ងៃថ្វាយព្រះភ្លើងព្រះសព។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់អនុគណៈកម្មការនានា ត្រូវរៀបចំផែនការសកម្មភាពឱ្យបានម៉ត់ចត់បំផុត ដើម្បីធានាឱ្យការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព ប្រព្រឹត្តទៅប្រកបដោយភាពខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរបំផុត ឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា៕