(ក្រចេះ)៖ ការបង្ក្រាបបទល្មើសនេសាទមិនអាចប្រើយន្តការអង្គុយបក់ផ្សែង ដោយគ្រាន់តែចុះចាប់អ្នកនេសាទល្មើសច្បាប់បាននោះឡើយ ពោលគឺត្រូវស្វែងរកភ្នក់ភ្លើងហើយចាក់ទឹកពន្លត់តែម្តង។ ដូច្នេះដើម្បីឈានទៅបំផ្លាញឫសគល់ការនេសាទល្មើសច្បាប់ដោយប្រើឧបករណ៍ឆក់ រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចខេត្តក្រចេះ បានចាត់វិធានការក្តៅដោយចុះទៅដល់ទីតាំងលក់ចែកចាយឧបករណ៍ឆក់តែម្តង។
នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងដោយមានការចូលរួមពីលោក សាម ណាល់ អភិបាលស្រុកស្នួល អធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ដែលម្ចាស់ទីតាំងខាងលើមានឈ្មោះ សៀង សៀកត្រាយ សញ្ជាតខ្មែរ ភេទប្រុស អាយុ៣១ឆ្នាំ។
ជាលទ្ធផលនៃការចុះបង្ក្រាបនេះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិនចំនួន ២២គ្រឿង អាំងវែកទ័រកែច្នៃ (ឆក់ក្តៅ)ចំនួន ១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែកទ័រឆក់ត្រីចំនួន ២៨០ប្រអប់។
ក្រៅពីរឹបអូសវត្ថុតាងទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងលក់ឧបករណ៍ឆក់ខុសច្បាប់ ដើម្បីកសាងសំណុំឯកសារបញ្ជូនទៅសាលាតំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។
ឧបករណ៍ឆក់ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុដទៃទៀត ដែលនាំឱ្យបាត់បង់ធនធានជលផលតាមដងទន្លេេមគង្គ។ សម្រាប់ភូមិសាស្ត្រខេត្តក្រចេះ ការប្រើប្រាស់ឧបករណ៍ក៏នាំឱ្យប៉ះពាល់ដល់សត្វផ្សោតដែលជាសត្វកម្រក្នុងដែនទឹកសាបរបស់ពិភពលោក ហើយកំពុងមានវត្តមានក្នុងខេត្តក្រចេះផងដែរ។
ពលរដ្ឋខេត្តក្រចេះ បានបង្ហាញក្តីសោមនស្សរីករាយ និងត្រេកអរជាអនេក ចំពោះវិធានគាស់រំលើងឫសគល់នៃបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ឆក់ របស់រដ្ឋបាល អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្រចេះ ដោយចុះរឹបអូសឧបករណ៍ឆក់ពីកន្លែងលក់ និងចាត់វិធានការច្បាប់លើអ្នកលក់។
ប្រជាពលរដ្ឋបានស្នើរដ្ឋបាល និងកម្លាំងសមត្ថកិច្ចខេត្តក្រចេះ បន្តស្វែងរកជម្រកកែច្នៃ លក់ដូរ និងចែកចាយឧបករណ៍នេសាទល្មើសច្បាប់ ជាពិសេសឧបករណ៍ឆក់ឱ្យអស់ពីភូមិសាស្ត្រខេត្តក្រចេះ៕