(កូឡាឡាំពួរ)៖ តមតាមការអញ្ជើញរបស់ លោល Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
កិច្ចប្រជុំកំពូលពិសេសនេះនឹងផ្តល់ឱកាសឱ្យមេដឹកនាំ បានពិនិត្យឡើងវិញនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ក្នុងរយៈពេល ៥០ឆ្នាំកន្លងទៅ ព្រមទាំងផ្លាស់ប្តូរទស្សនលើបញ្ហាពាក់ព័ន្ធនានាសំដៅពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសអូស្ត្រាលី លោកបណ្ឌិត កៅ គឹមហួន គ្រោងជួបពិភាក្សាការងារជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី, លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, លោក Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី ព្រមទាំងលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ ផងដែរ។
ក្រៅពីនេះ អគ្គលេខាធិការអាស៊ាន ក៏នឹងចូលរួមថ្លែងក្នុងព្រឹត្តិការណ៍អមមួយចំនួនផងដែរ ដើម្បីពង្រឹងការទូតអាស៊ាន៕