(ម៉ែលប៊ន, អូស្ត្រាលី)៖ វេលាម៉ោងប្រមាណ៥ទៀបភ្លឺថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោងប្រមាណ៩ព្រឹក ម៉ោងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន ប្រទេសអូស្ត្រាលី ប្រកបដោយសុខសុវត្ថិភាពហើយ។
ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅពីសំណាក់លោក Tim Watts ឧបការីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងឯកអគ្គរាជទូតខ្មែរប្រចាំនៅអូស្ត្រាលី។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៦ក្បាលព្រលប់ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តមភរិយា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី។ អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក សុខ ចិន្តសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រី សំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។
អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី០១ ដល់០៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយថ្នាក់នាំកំពូលប្រទេសជាមិត្តចំនួន៥ និងទទួលជួបតំណាងក្រុមហ៊ុនអូស្រ្តាលីចំនួន១១ផងដែរ។ នេះបើតាម លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។
ជំនួបមេដឹកនាំប្រទេសជាមិត្តទាំង៥នោះរួមមាន៖
* ជំនួបទ្វេភាគីជាមួយ លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី
* ជំនួបទ្វេភាគីជាមួយ លោក ហ្វីឌីណាន់ រ៉ូ-ម៉ល-ដេស ម៉ាកូស ជូនៀ (Ferdinant Romualdez Marco Jr.) ប្រធានាធិបតីហ្វីលីពីន
* ជំនួបទ្វេភាគីជាមួយ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ី
* ជំនួបទ្វេភាគីជាមួយ លោក លី សៀន ឡុង (Lee Hsein Loong) នាយករដ្ឋមន្រ្តីសិង្ហបុរី
* ជំនួបក្រៅផ្លូវការ (Pull-Aside) ជាមួយ លោក គ្រីស្តូហ្វី ឡាក់សុន (Christopher Luxon) នាយករដ្ឋមន្ត្រីនូវែលសេឡង់។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់បន្ថែមថា ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី នឹងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច កម្ពុជា-អូស្ត្រាលី ២០២៤ ដែលសម្តេចធិបតីនឹងថ្លែងសន្ទរកថាគន្លឹះ ស្តីពី «គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-អូស្ត្រាលី»។
បន្ថែមពីនេះ សម្តេចធិបតី ក៏នឹងទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ ដោយបណ្តាក្រុមហ៊ុនវិនិយោគអូស្ត្រាលីធំៗប្រមាណជាង ១១ ដែលវិនិយោគលើវិស័យ សំខាន់ៗដូចជា៖ ធនាគាហិរញ្ញវត្ថុ ឧស្សាហកម្ម ឡូជីស្លឹក ថាមពលនិងឧស្ម័ន កសិកម្មនិងការកែច្នៃម្ហូប អាហារ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអបរំ ជាដើម។ល។
ក្នុងឱកាសស្នាក់នៅទីក្រុងម៉ែលប៊ននេះដែរ សម្តេចធិបតី ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សា នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ផងដែរ៕