(ភ្នំពេញ)៖ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី០១ ដល់០៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងមានជំនួបជាមួយថ្នាក់នាំកំពូលប្រទេសជាមិត្តចំនួន៥ និងទទួលជួបតំណាងក្រុមហ៊ុនអូស្រ្តាលីចំនួន១១ផងដែរ។ នេះបើតាម លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។
ជំនួបទាំង៥នោះរួមមាន៖
* ជំនួបទ្វេភាគីជាមួយ លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី
* ជំនួបទ្វេភាគីជាមួយ លោក ហ្វីឌីណាន់ រ៉ូ-ម៉ល-ដេស ម៉ាកូស ជូនៀ (Ferdinant Romualdez Marco Jr.) ប្រធានាធិបតីហ្វីលីពីន
* ជំនួបទ្វេភាគីជាមួយ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ី
* ជំនួបទ្វេភាគីជាមួយ លោក លី សៀន ឡុង (Lee Hsein Loong) នាយករដ្ឋមន្រ្តីសិង្ហបុរី
* ជំនួបក្រៅផ្លូវការ (Pull-Aside) ជាមួយ លោក គ្រីស្តូហ្វី ឡាក់សុន (Christopher Luxon) នាយករដ្ឋមន្ត្រីនូវែលសេឡង់។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់បន្ថែមថា ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី នឹងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច កម្ពុជា-អូស្ត្រាលី ២០២៤ ដែលសម្តេចធិបតីនឹងថ្លែងសន្ទរកថាគន្លឹះ ស្តីពី «គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-អូស្ត្រាលី»។ បន្ថែមពីនេះ សម្តេចធិបតី ក៏នឹងទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ ដោយបណ្តាក្រុមហ៊ុនវិនិយោគអូស្ត្រាលីធំៗប្រមាណជាង ១១ ដែលវិនិយោគលើវិស័យ សំខាន់ៗដូចជា៖ ធនាគាហិរញ្ញវត្ថុ ឧស្សាហកម្ម ឡូជីស្លឹក ថាមពលនិងឧស្ម័ន កសិកម្មនិងការកែច្នៃម្ហូប អាហារ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអបរំ ជាដើម។ល។
ក្នុងឱកាសស្នាក់នៅទីក្រុងម៉ែលប៊ននេះដែរ សម្តេចធិបតី ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋសហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សា នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ផងដែរ៕